Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមរបស់អ៊ីស្រាអែល ធ្វើឲ្យលោកខាងលិច កាត់បន្ថយការផ្គង់ផ្គង់គ្រាប់ជួយដល់អ៊ុយក្រែន

រដ្ឋធានីកៀវ៖ បើគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេលជាង៦៣០ថ្ងៃកន្លងមកហើយ ខណៈមិនមានពន្លឺចរចាសន្ដិភាព ហើយការវាយប្រយុទ្ធគ្នាកំពុងតែបន្ដយ៉ាងសាហាវ ដោយបានសម្លាប់ទាហានទាំងសងខាង អស់រាប់សែននាក់ ប៉ុន្ដែឥឡូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងផ្លោង ហាក់កំពុងតែថយចុះ ចាប់តាំងពីសង្គ្រាម រវាងអ៊ីស្រាអែល និង ហាម៉ាស់ បានផ្ទុះឡើង។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានះអាង ថា ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំពីសំណាក់សម្ពន្ធមិត្តលោកខាងលិច ជួយដល់កងទ័ពរបស់គាត់ មានការថយចុះ ក្រោយពេលសង្រ្គាម រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាសផ្ទុះឡើង ចាប់តាំងពីដើមខែតុលា រហូតមក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចេញមុខគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ក្រោយពេលប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានប្រកាសសង្គ្រាម វាយប្រហារសងសឹកទៅលើក្រុមហាម៉ាស់។ សង្គ្រាមនេះ បានផ្ទុះឡើង ក្រោយពេលកងជីវពលប៉ាឡេស្ទីន បានឆ្មក់វាយប្រហារទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្ស ចំនួន ១ ៤០០នាក់ និង ចាប់ជាចំណាប់ខ្មាំង ចំនួន២៤០នាក់។ ជម្លោះវាយប្រហារសងសឹករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស កើនឡើង ជាង ១១ ០០០នាក់។
បណ្ដាសម្ពន្ធមិត្តលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និង អង់គ្លេស ក្លាយជាអ្នកផ្ដល់ជំនួយយោធាដ៏សំខាន់ ជួយដល់កងទ័ពអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមអះអាងរបស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹង ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់ទាហាន នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន ចំនួន ៣១៥ ៦២០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ ចំនួន ១ ១៣០នាក់ កាលពី២៤ម៉ោងមុននេះផងដែរ។ ប៉ុន្ដែអ៊ុយក្រែន មិនបានអះអាង អំពីកងទ័ពរបស់ខ្លួន រងគ្រោះថ្នាក់នោះឡើយ ហើយក៏មិនមានប្រភពឯករាជ្យណាមួយបញ្ជាក់នោះដែរ។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែវិច្ឆិកា) ថា រហូតមកដល់ពេលនេះ គ្រាប់កាំភ្លើងផ្លោង ប្រភេទ ១៥៥ មិល្លីម៉ែត្រ កំពុងតែមានតម្រូវការខ្លាំង នៅលើសមរភូមិ នាភាគខាងកើត និង ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែឥឡូវ ការផ្គត់ផ្គង់គ្រាប់រំសេវប្រភេទនេះ មានការធ្លាក់ចុះ។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ករណីនេះ មិនមែនមានន័យ ថា សហរដ្ឋអាមេរិក នឹងឈប់ផ្ដល់ជំនួយមកអ៊ុយក្រែន នោះទេ។ ប៉ុន្ដែស្ថិតក្នុងកាលៈទេសៈបែបនេះ សម្ពន្ធមិត្តទាំងប្រឹងប្រែងបំពេញឃ្លាំងស្ដុកអាវុធរបស់ខ្លួនឡើងវិញ។ នេះហើយគឺជាជីវិត។ ខ្ញុំមិននិយាយថា នេះជារឿងវិជ្ជមានទេ តែជីវិត គឺបែបហ្នឹង ហើយយើងត្រូវតែការពារអ្វីដែលជារបស់យើង»។

កូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបញ្ជូនគ្រាប់កាំភ្លើងផ្លោង ចំនួន១លានគ្រាប់ ទៅឱ្យរុស្ស៉ី ជាថ្នូរនឹងការទទួលបានមកវិញ ជាមួយនឹងការទទួលបាននូវការប្រឹក្សាយោបល់ពីបច្ចេកវិទ្យាផ្កាយរណប។ ដោយឡែក សហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនមិនអាចបញ្ជូនគ្រាប់កាំភ្លើងផ្លោង ចំនួន១លានគ្រាប់ តាមផែនការមួយឆ្នាំ សម្រាប់អ៊ុយក្រែន នោះឡើយ ព្រោះតែសហរដ្ឋអាមេរិក កំពុងតែផ្ដោតលើការជួយជ្រោមជ្រែងដល់អ៊ីស្រាអែល នៅក្នុងការធ្វើសង្រ្គាម ដេញតាមវាយកម្ទេចក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×