ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើរណែត ពិតជាមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពដ៏ចម្លែក និងគួរឱ្យភ័យខ្លាចមួយ បានលេចឡើងនៅលើផែនទី។ តាមមើលទៅហាក់ដូចជាមនុស្សស្រីនាងអាក្រាតកាយ និងខូចអវយវៈ។ តើវាជាអ្វីពិតប្រាកដ?។
ទាក់ទងនឹងហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ New York Post បានរាយការណ៍ថា អ្នកស៊ើបអង្កេតសង្គមជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលឃើញរូបភាពចម្លែកមួយដែលមើលទៅអាក្រាតកាយ ដៃជើងវែងៗ ហាក់ដូចជាហៀបនឹងរត់កាត់វាលស្រែក្បែរមជ្ឈមណ្ឌលអ្នកទស្សនា Bears Ears ក្នុងទីក្រុង Bluff រដ្ឋ Utah សហរដ្ឋអាមេរិក បន្ទាប់ពីអ្នកដែលបានឃើញរូបភាពនេះនៅលើ Google Street View បានបង្ហោះវាតាមអ៊ីនធឺណិត។
ជាការពិតណាស់ ធម្មជាតិដ៏ចម្លែករបស់រូបភាពនេះ បានធ្វើឱ្យមនុស្សនៅលើ TikTok និង Reddit បានបង្ហាញអារម្មណ៍ “គួរឱ្យខ្លាច” ។ ក្នុងនោះ ក៏មានអ្នករស់នៅតំបន់នោះ បាននិយាយថា គាត់បានរស់នៅទីនោះ១០ឆ្នាំហើយ ប៉ុន្តែនៅមិនទាន់ដឹងថាវាជាអ្វីនោះទេ។ ខណៈអ្នកខ្លះទៀត បានចង្អុលបង្ហាញថា រូបភាពដែលគេបានឃើញនេះ គឺពិតជាមិនមែនជាអ្នកណារត់ទេ តែជារូបភាពគេបង្កើតឱ្យចម្លែក ដើម្បីបង្កឲ្យមានការងឿងឆ្ងល់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា នៅទីបំផុត រូបភាពដ៏គួរឲ្យខ្លាចនេះ ត្រូវបានគេបង្ហាញថា ពិតជាមានសត្វចម្លែកមួយ ដែលបានឃើញនៅទីនេះប្រាកដមែន។ ប៉ុន្តែ តាមពិតវាមិនមែនជាវត្ថុមានជីវិតពិតទេ គឺវាគ្រាន់តែជាតុក្កតាដែលមានរាងចម្លែកធ្វើឡើងដោយចេតនា ដើម្បីប្រើជាទីងមោង សម្រាប់« បន្លាច» បណ្ដេញសត្វដែលមិនចង់បាន និងមនុស្សចង់ចូលមកកាន់ទីនោះគ្មានការអនុញ្ញាត។ វាក៏ជារូបចម្លែកមួយក្នុងចំនោមរូបប្លែកៗជាច្រើននៅក្នុងទីក្រុងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង