ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគកណ្តាល រួមទាំងខេត្ត Quang Tri ផងដែរ នៅក្នុងប្រទេសវៀតណាម ដែលបណ្តាលឲ្យកម្ពស់ទឹកទន្លេ និងអូរនៅតំបន់នោះកើនឡើងខ្លាំង ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូមានការលំបាកយ៉ាងខ្លាំង។ ហើយទន្ទឹមនឹងនេះ រូបថតជាច្រើនសន្លឹក បង្ហាញអ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយចម្លងនៅក្នុងទឹកជំនន់ ដើម្បីបានទៅសាលារៀន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
តាមពេលវេលា នោះគ្រូៗនឹងត្រូវមកសាលានៅតាំងពីព្រឹក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាកាសធាតុមិនអំណោយផល និងទឹកជំនន់អូសបន្លាយ ពួកគេមិនអាចទៅសាលារៀនដូចការគ្រោងទុកទេ ហើយត្រូវស្នាក់នៅផ្ទះប្រជាពលរដ្ឋជាបណ្តោះអាសន្ន។
បន្ទាប់ពីរង់ចាំអាកាសធាតុល្អ លោកគ្រូអ្នកគ្រូក៏បន្តធ្វើដំណើរ។ តែទោះជាយ៉ាងណា ពួកគេត្រូវសុំជំនួយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាក និងប្រឈមនឹងគ្រោះថ្នាក់។
ក្នុងនោះ មានផ្លូវផ្នែកមួយដែលទឹកលិចលង់ ហើយហូរយ៉ាងខ្លាំង ជាហេតុធ្វើឲ្យអ្នកគ្រូម្នាក់ត្រូវប្រជាពលរដ្ឋម្នាក់ជួយ «អៀវ» ឆ្លងកាត់ទឹកយ៉ាងលំបាកលំបិន។ ប៉ុន្តែការលំបាកទាំងនោះនៅតែមិនអាចរារាំងអ្នកគ្រូមិនឲ្យធ្វើដំណើរឆ្លងកាត់តំបន់ “ភ្នំ” សម្រាប់សិស្សនោះ។
ជាមួយបទពិសោធន៍រយៈពេលជិត ៥ ឆ្នាំ នៃការបង្រៀននៅសាលាបឋមសិក្សា អ្នកគ្រូ Nguyen Thi Kieu Oanh បានស្គាល់រួចហើយ ពីស្ថានភាពដ៏ពិបាករស់នៅ ក្នុងតំបន់ព្រៃភ្នំ ដ៏ស្ងប់ស្ងាត់។
តែយ៉ាងណាមិញ កម្រងរូបភាពថតពីគ្រាដែលអ្នកគ្រូត្រូវជម្នះទឹកជំនន់ ជាមួយស្នាមញញឹមដ៏ស្រស់បំព្រងរបស់អ្នកគ្រូ Kieu Oanh បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្ត និងរំភើបយ៉ាងខ្លាំង។
អ្នកគ្រូ Oanh បានចែករំលែកថា រៀងរាល់ព្រឹកថ្ងៃចន្ទ អ្នកគ្រូតែងតែក្រោកពីព្រលឹម ដើម្បីរៀបចំរបស់របរ និងទៅសាលារៀន ដើម្បីចាប់ផ្តើមសប្តាហ៍ការងារថ្មី។ បន្ទាប់មក អ្នកគ្រូ និងសហការី បានស្នាក់នៅសាលារហូតដល់ចុងសប្តាហ៍ មុននឹងត្រឡប់មកផ្ទះវិញ។
អ្នកគ្រូ Oanh បានចែករំលែកបន្តថា៖ «ក្នុងឆ្នាំ ២០១៩ ខ្ញុំត្រូវបានចាត់តាំងឱ្យបង្រៀននៅសាលាបឋមសិក្សា Tria ហើយភាគច្រើនក្នុងអំឡុងសប្តាហ៍ ខ្ញុំ និងគ្រូផ្សេងទៀតស្នាក់នៅសាលា មានតែទៅផ្ទះនៅចុងសប្តាហ៍ ខ្ញុំមានកូនតូចៗពីរនាក់ ដែលត្រូវបានជួយមើលថែដោយម្តាយរបស់ខ្ញុំ»។ អ្នកគ្រូ Oanh បន្តថា៖ «ផ្លូវទៅសាលារបស់យើងក៏លំបាកខ្លាំងដែរ។ កាលពីព្រឹកម្សិលមិញ (១៥ វិច្ឆិកា) បន្ទាប់ពីបានចំណាយពេលជាង ២ថ្ងៃ ដោយមានជំនួយពីប្រជាពលរដ្ឋ ខ្ញុំ និងសហការី ៦នាក់ ដែលកំពុងធ្វើដំណើរទៅសាលា Cat និង Tria មិនអាចទៅដល់កន្លែងធ្វើការទាន់ពេលទេ ដោយសារទឹកឡើងខ្ពស់ និងហូរខ្លាំង»។
ក្នុងអំឡុងពេលទៅបំពេញការងារ អ្នកគ្រូ Oanh បានជួបនឹងស្ថានភាពបែបនេះជាច្រើនដង។ ជាពិសេស ជួនកាលផ្លូវលិចទឹកខ្លាំង ហើយទឹកហូរយ៉ាងលឿន លោកគ្រូ អ្នកគ្រូត្រូវទៅផ្ទះប្រជាពលរដ្ឋ ដើម្បីសុំជ្រក រួចរង់ចាំទឹកស្រក ទើបបន្តដំណើរទៅទៀត។
បន្ទាប់ពីរូបភាពតស៊ូជំនះទឹកជំនន់ដ៏ប្រឈមនឹងគ្រោះថ្នាក់ ព្រោះតែដើម្បីកូនសិស្ស ត្រូវបានរីករាលដាលនៅលើបណ្តាញសង្កម អ្នកគ្រូ Oanh បានរៀបរាប់ពីទំហំទឹកចិត្តរបស់អ្នកគ្រូយ៉ាងដូច្នេះថា៖ «សាលានៅឆ្ងាយ ប៉ុន្តែការធ្វើជាគ្រូគឺពិបាក, ខ្ញុំនៅតែឆ្លងកាត់វា ទោះបីជាវាលំបាកខ្លាំងប៉ុណ្ណាក៏ដោយ ដើម្បីនាំ «ចំណេះដឹង» ទៅកាន់តំបន់ខ្ពង់រាប និងភូមិវាលរហោស្ថាននេះ ព្រោះកូនៗកំពុងរង់ចាំនៅទីនោះ»។
ទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃសាលារៀនជាច្រើននៅតំបន់នោះនៅមានកម្រិត ឬមានការរិចរិល ហើយផ្លូវនៅតាមកន្លែងជាច្រើននៅតែពិបាក ប៉ុន្តែ អ្នកគ្រូ Oanh ក៏ដូចជាមិត្តរួមការងារផ្សេងទៀត នៅតែរក្សានូវសុទិដ្ឋិនិយមនៃក្តីស្រឡាញ់ការងារមួយនេះ មិនថាភ្នំ និងជ្រលងភ្នំខ្ពស់ប៉ុណ្ណានោះទេ ទីណាមានក្តីស្រឡាញ់ នោះការលះបង់ដ៏ស្ងៀមស្ងាត់ និងការខិតខំរបស់លោកគ្រូ អ្នកគ្រូ គឺត្រូវតែមានប្រកបដោយសុភមង្គល និងផ្តល់សំណើចសម្រាប់ក្មេងៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង