Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ជំនឿ! មនុស្ស​មួយ​ក្រុម​ផ្អើល​ទៅ​បោច «ស្មៅ» ក្បែរ​អាស្រម​ព្រះអង្គ ចន្ទ មុនី ដោយ​ជឿ​ថា​ជា «ថ្នាំ​ដ៏​ស័ក្តិសិទ្ធ» អាច​ព្យាបាល​ជំងឺ

កាលពីពេលកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលជាអ្នកមានជំនឿ បានចាកចេញពីស្រុកភូមិឡើងភ្លូកទឹកភ្លូកដី ដើម្បីទៅជួបព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ដែលត្រូវបានចាត់ទុកថាជាអ្នកមានបុណ្យ បារមីខ្លាំង ក្រោយល្បីថាជា «ទេវតាដើរដី» ឬជាលោកឪសួងទី២ ជាអ្នកសច្ចំក្នុងព្រៃយកឈ្នះអស់ពពួកអមនុស្សទាំងឡាយ និងក៏ដូចយល់ដឹងជ្រៅជ្រះក្នុងផ្នែកព្រះធម៌។

ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ ព្រះអង្គ ចន្ទ មុនី ហាក់ទទួលការរិះគន់ពីមហាជន តាមរយៈការប្រើ «ផ្លិតបក់» ទៅលើហ្វូងមនុស្សដែលមានជំនឿ ដែលបានមកប្រមូលផ្តុំគ្នាដូចទឹកបាក់ទំនប់ និងសូម្បីបក់ប្រោះព្រំលើ «ដបទឹកសុទ្ធ» ដ៏ចម្លែក ដោយមិនដឹងថាធ្វើបែបនេះបានផលអ្វីនោះទេ។ ហើយទន្ទឹមនឹងនេះផងដែរ ក៏មានបងប្អូនមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានចំណាយពេលបញ្ចេញមតិពន្យល់ទៅកាន់មនុស្សដែលមានជំនឿដ៏ងប់ងល់យ៉ាងដូច្នេះថា៖ «អនិច្ចាខ្មែរ! ឃើញហើយអាសូរ ដែលយើងនៅតែជឿអបិយជំនឿថា ទេវតា ឥន្ទ្រព្រហ្ម មកជួយខ្លួន ក្រៅពីខ្លួនឯងតែម្យ៉ាង, ស្តាយដែលគ្រប់គ្នាងប់រឿងហ្នឹង អ្វីដែលជារបស់ក្រៅអំពីចិត្តខ្លួនឯង សុំសេចក្តីសុខពីអ្នកដទៃដែលមិនបានមើលលើចិត្តខ្លួនឯងអោយបានច្រើន អ្វីទាំងអស់មកពីចិត្ត បើមិនតំរង់ចិត្ត គ្រប់គ្រងចិត្តអោយបានទេ ទោះទឹកមន្តច្រើនប៉ុនណាក៏ជួយអ្នកមិនបានដែរ»។

តែដោយឡែក ថ្មីៗនេះ មហាជនបានផ្ទុះការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងទៀតហើយ ក្រោយពីបានឃើញបងប្អូនប្រជាពលរដ្ឋដែលមានជំនឿខ្លាំងបំផុត នាំគ្នាទៅបោចស្មៅ នៅម្តុំបរិវេណអាស្រមរបស់ព្រះអង្គ ចន្ទ មុនី ដោយជឿថាជាថ្នាំដ៏ពូកែស័ក្តិសិទ្ធ ដែលអាចយកទៅដាំទឹកព្យាបាលជាជំងឺទាំងឡាយទាំងពួង។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅអាស្រមព្រះអង្គ ចន្ទ មុនី ផ្ទាល់តែម្តង។

មែនហើយ ទោះជាសិទ្ធិរបស់បងប្អូន មានជំនឿទៅលើព្រះអង្គ ចន្ទ មុនី ក៏ពិតមែន ប៉ុន្តែ សូមឲ្យមានការត្រិះរិះពិចារណាខ្លះផង កុំរហូតដល់ថ្នាក់ធ្វើបែបនេះ វាដូចជាជ្រុលពេកហើយ ព្រោះថា បើ «ស្មៅ» នៅក្នុងបរិវេណព្រះអង្គ ចន្ទ មុនី ពូកែស័ក្តិស័ទ្ធ ជាឱសថទេវាតាមែន នោះពិភពលោកនឹងលែងមានវេជ្ជសាស្រ្តហើយ។ ជាមួយគ្នានេះផងដែរ មហាជននៅលើបណ្តាញសង្គម ក្រោយពីបានឃើញសកម្មភាពនៃជំនឿដ៏ហួសចិត្តនេះ ក៏បាននាំគ្នាអស់សំណើចខ្លាំងឡើងព្រោងព្រាតបែបនេះថា៖ «Pharmacy និង Clinic ដាច់ម៉ូយហើយបើចឹងៗអី, ពេទ្យដាច់បាយហើយ, មិនដាច់ម៉ូយទេ បន្តិចទៀតរត់រកពេទ្យហើយក្រោយពិសារស្មៅរួច,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×