នេះជារឿងមួយដ៏ហួសចិត្តខ្លាំងបំផុត និងក៏មិនធ្លាប់ឃើញពីមុនមក ដែលលោកមេប៉ុស្តិ៍វ័យក្មេងម្នាក់ នៅស្រុកស្នួល ខេត្តក្រចេះ បានធ្វើរឿងដ៏មិនសមទំនង ចុះទៅបិទល្ខោនកំពុងតែសម្តែងសុខៗ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកទស្សនា បានសម្តែងការហួសចិត្ត និងក្តៅក្រហាយឡើងឈូរឆតែម្តង ព្រោះតែពួកគាត់មិនពេញចិត្តទៅនឹងទង្វើដ៏ចម្លែកគ្មានពីររបស់មេប៉ុស្តិ៍រូបនេះ។
ហេតុការណ៍ដ៏មហាហួសថ្លែងនេះ ត្រូវបានដឹងថា បានកើតឡើងនៅក្នុងកម្មពិធីបុណ្យកឋិនទាន វត្តអូរលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ រឿងហេតុបានផ្ទុះឡើង គឺនៅពេលដែលលោកមេប៉ុស្តិ៍រូបនោះ ដែលមើលទៅហាក់ដូចស្ថិតក្នុងសភាពស្រវឹងស្រា បានឡើងទៅសួរនាំ ហើយក៏បិទល្ខោនមិនឲ្យសម្តែងបន្តតែម្តង ដោយចោទប្រកាន់ថា ក្រុមល្ខោនមិនមានច្បាប់អនុញ្ញាត ដែលផ្ទុយពីទៅសួរនាំគណៈកម្មការអាចារ្យវត្ត ឬចៅអធិការវត្ត ដែលជាអ្នកជួលវង់ល្ខោនមកសម្តែងនោះទេ។
បើតាមប្រភព បានឲ្យដឹងថា វង់ល្ខោននោះ បានសម្តែងអស់រយៈពេល ២ យប់ហើយ ដែលមានមនុស្សមកទស្សនាច្រើនលើសលប់ ខណៈមេប៉ុស្តិ៍មិនដឹង (មិនដឹងទៅណា) ដល់យប់ទី៣ (ការសម្តែងចុងក្រោយ) បែរជាមេប៉ុស្តិ៍នឹកឃើញ ដោយមិនដឹងដោយសារស្រវឹង ឬយ៉ាងណា មិនទៅសួរនាំគណៈកម្មការអាចារ្យវត្ត បែរជាមករករឿងសួរនាំវង់ល្ខោនរកច្បាប់អនុញ្ញាតដ៏ហួសចិត្តបំផុត។
ទោះជាយ៉ាងណា ទាក់ទងនឹងរឿងនេះ ខាងវង់ល្ខោនក៏បានបង្ហាញពីលិខិតអនុញ្ញាត តាមទូរស័ព្ទផងដែរ ប៉ុន្តែលោកមេប៉ុស្តិ៍ ប្រហែលស្រវឹងមើលមិនសូវច្បាស់ ហើយយករឿងនេះហាក់ដូចធំដុំខ្លាំងណាស់ បែរជានិយាយទាំងស្ថានភាពហាក់ស្រវឹងយ៉ាងរដេករដុបថា ក្រុមល្ខោនសង្ស័យចេះ (edit) ឯកសារ ដែលធ្វើឲ្យមហាជនឮហើយហួសចិត្តកាន់តែខ្លាំង ព្រោះថាកិច្ចការងារនេះ លោកមេប៉ុស្តិ៍រូបនេះមិនគួរណាទៅរករឿងវង់ល្ខោនឡើយ ព្រោះល្ខោនគេមកសម្តែង ទៅតាមការជួលរបស់ម្ចាស់ដើមបុណ្យប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង