កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ កម្មវិធីទូរទស្សន៍ចិនមួយដែលមានឈ្មោះថា “Wait for Me” បានចាក់ផ្សាយរឿងដ៏ភ្ញាក់ផ្អើលរបស់ Wu Jiayu ជានារីវ័យក្មេងម្នាក់នៅខេត្ត Hubei ប្រទេសចិន និងប្អូនប្រុសរបស់នាង ដែលបងប្អូនប្រុសស្រីទាំងពីរបានបែកគ្នាអស់រយៈពេល ២៧ ឆ្នាំ។
យោងតាមកញ្ញា Wu Jiayu ប្អូនប្រុសរបស់នាងត្រូវបានចាប់ពង្រត់នៅស្ថានីយ៍រថភ្លើងនៅរដូវក្តៅឆ្នាំ ១៩៩០ នៅស្ថានីយ៍ Wuchang នៅពេលដែលរូបគេមានអាយុត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ឪពុកម្តាយរបស់ Wu បានសម្រេចចិត្តបញ្ជូនកូនស្រី (Wu) ទៅជីដូនជីតារបស់នាង បានឈប់ពីការងារនៅក្នុងខេត្ត Shanxi ដើម្បីស្វែងរកកូនប្រុសរបស់ពួកគេ។
ពួកគេបានទៅច្រើនកន្លែង ប៉ុន្តែមិនអាចរកឃើញកូនប្រុសនោះទេ។ ម្ដាយរបស់ Wu Jiayu គ្មានជម្រើសអ្វីក្រៅពីសរសេរការឈឺចាប់របស់ខ្លួននៅលើទំព័រកំណត់ហេតុ ដែលមានខ្លឹមសារគួរឲ្យរំជួលចិត្តថា «Yanyan ជាទីស្រឡាញ់របស់ម៉ាក់! ម៉ាក់តែងតែសុបិនឃើញកូន! ប៉ុន្តែ មិនដឹងថាកូននៅឯណា? ម៉ាក់នៅតែចាំមុខ ម៉ាក់ច្បាស់ជានឹងរកកូនឃើញ! សូមឲ្យកូនប្រុសសុខសប្បាយណ៎ា!»។
ទោះជាយ៉ាងណា ដោយខិតព្យាយាមស្វែងរកកូនប្រុសអស់រយៈពេល ២ ឆ្នាំ ប៉ុន្តែមិនបានជោគជ័យ។ ប្តីប្រពន្ធមួយគូនេះឈឺចាប់ខ្លាំង រហូតទ្រាំមិនបានក៏ធ្វើអត្តឃាត។
Wu JiaYu បានក្លាយជាក្មេងកំព្រានៅអាយុ៦ឆ្នាំ។ នៅពេលនោះ ទោះបីជានាងនៅក្មេង ប៉ុន្តែនាងតែងតែដឹងថា ក្តីប្រាថ្នាធំបំផុតរបស់ឪពុកម្តាយនាង គឺស្វែងរកប្អូនប្រុសរបស់នាង។ នាងរក្សាកំណត់ហេតុប្រចាំថ្ងៃរបស់ម្តាយនាង ហើយតាំងចិត្តបំពេញបំណងប្រាថ្នារបស់ពួកគេ។
ក្នុងឆ្នាំ ២០១៥ Wu បានបង្ហោះព័ត៌មានអំពី DNA របស់នាងនៅលើគេហទំព័រផ្លូវការរបស់ភ្នាក់ងារសន្តិសុខ សម្រាប់សាច់ញាតិដែលបាត់បង់។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ ប្អូនប្រុសរបស់ Wu Jiayu បានប្តូរឈ្មោះទៅជា Lin Yihui បន្ទាប់ពីត្រូវបានគេនាំទៅខេត្ត Fujian ។ Lin Yihui តែងតែមានអារម្មណ៍ថា រូបគេ និងក្រុមគ្រួសារមានភាពខុសប្លែកគ្នាជាច្រើននៅក្នុងរូបរាង ដូច្នេះហើយ រូបគេក៏បានសម្រេចចិត្តបង្ហោះព័ត៌មាន DNA លើអ៊ីនធឺណិត ក្នុងពេលតែមួយជាមួយ Wu Jiayu ផងដែរ។
យោងតាមទីភ្នាក់ងារស្វែងរកសាច់ញាតិដែលបាត់ បានបង្ហាញថា DNA របស់ Wu និង Lin មានភាពស្រដៀងគ្នាជាច្រើន ប៉ុន្តែបច្ចេកវិទ្យាបច្ចុប្បន្នមិនទាន់អនុញ្ញាតឱ្យផ្តល់ព័ត៌មានត្រឹមត្រូវទេ ប្រសិនបើមានតែគំរូ DNA របស់បងប្អូនបង្កើតប៉ុណ្ណោះ ដែលត្រូវបានធ្វើតេស្ត។
ដោយសារឧបសគ្គបច្ចេកទេសនេះ កញ្ញា Wu ត្រូវតស៊ូផ្លូវចិត្ត ហើយបានគិតថាតើវាចាំបាច់ដើម្បីយក DNA ពីឪពុកម្តាយដែលនាងកប់យូរ ឬអត់?។
ទីបំផុត Wu បានស្នើឱ្យប៉ូលីស ដើម្បីគាស់ផ្នូរសពឪពុកម្តាយរបស់នាង ដើម្បីយកគំរូ DNA ។ លទ្ធផលតេស្តបានបង្ហាញថា Lin ជាកូនប្រុសដែលបាត់ខ្លួនជាយូរមកហើយនៃគ្រួសារ Wu ពិតប្រាកដមែន។
នៅក្នុងកម្មវិធីទូរទស្សន៍ “រង់ចាំខ្ញុំ” Wu បានចែករំលែកទាំងទឹកភ្នែកអំពីសុភមង្គលរបស់នាង នៅពេលដែលនាងបានរកឃើញប្អូនប្រុសរបស់នាងថា “ប្អូនប្រុសរបស់ខ្ញុំ! ទីបំផុតខ្ញុំបានរកឃើញប្អូនហើយ។ ខ្ញុំនឹងនាំប្អូនខ្ញុំទៅលេងផ្នូរឪពុកម្តាយរបស់យើង ហើយប្រាប់ពួកគេថា កូនប្រុសរបស់ម៉ាក់ប៉ាត្រឡប់មកវិញហើយ ដូច្នេះ សូមម៉ាក់ប៉ាសម្រាកដោយសេចក្ដីស្ងប់សុខចុះ កុំនៅវិលវល់មានការសោកស្ដាយទៀតអី!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង