ស្ត្រីជនជាតិវៀតណាមអាយុ ៧៥ ឆ្នាំម្នាក់ បានអះអាងថា គាត់មិនបានញ៉ាំអាហាររឹងណាមួយក្នុងរយៈពេល ៥០ ឆ្នាំ មកនេះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់រស់បានតែទឹក និងភេសជ្ជៈដែលមានជាតិស្ករប៉ុណ្ណោះ។
អ្នកស្រី Bui Thi Loi មកពីឃុំ Loc Ninh ក្នុងខេត្ត Quang Binh ប្រទេសវៀតណាម មើលទៅមានរូបរាងដ៏អស្ចារ្យសម្រាប់អាយុរបស់គាត់ ហើយរបបអាហាររបស់គាត់ធ្វើឲ្យមនុស្សជាច្រើនកាន់តែភ្ញាក់ផ្អើល។ ស្ត្រីចំណាស់រូបនេះបានអះអាងថា គាត់រស់នៅតែលើទឹក និងហូបតែភេសជ្ជៈ អស់រយៈពេលកន្លះសតវត្សមកហើយៗ គាត់មិនដែលចង់ញ៉ាំអាហាររឹងឡើយ។ អ្វីៗទាំងអស់បានចាប់ផ្តើមនៅឆ្នាំ១៩៦៣ នៅពេលដែលគាត់ត្រូវបានរន្ទះបាញ់ ខណៈពេលដែលគាត់ និងស្ត្រីផ្សេងទៀត កំពុងឡើងលើភ្នំដើម្បីព្យាបាលទាហានដែលរងរបួសក្នុងអំឡុងពេលសង្រ្គាម។ គាត់បានសន្លប់ ហើយទោះបីជាគាត់នៅមានជីវិតក៏ដោយ ក៏គាត់មិនដូចមុនដែរ។ គាត់មិនបានញ៉ាំអ្វីប៉ុន្មានថ្ងៃក្រោយពីដឹងខ្លួន ដូច្នេះមិត្តភក្តិរបស់គាត់ក៏ចាប់ផ្ដើមផ្តល់ទឹកផ្អែមដល់គាត់។
ប៉ុន្មានឆ្នាំក្រោយហេតុការណ៍រន្ទះបាញ់ អ្នកស្រី Bui Thi Loi បានបន្តញ៉ាំអាហាររឹងមួយចំនួន ភាគច្រើនជាផ្លែឈើ ខណៈក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់គាត់ញ៉ាំអាហារ ប៉ុន្តែគាត់ពិតជាមិនដែលមានអារម្មណ៍ថាត្រូវការអាហារដូចពួកគេទេ។ នៅឆ្នាំ ១៩៧០ អ្នកស្រី Thi Loi បានជៀសវាងអាហាររឹង ដោយពឹងផ្អែកតែលើទឹក និងភេសជ្ជៈសម្រាប់ផ្គត់ផ្គង់សរីរាង្គកាយប៉ុណ្ណោះ។ ទូរទឹកកករបស់គាត់ពោរពេញទៅដោយដបទឹក និងភេសជ្ជៈដែលមានជាតិស្ករ។
ស្ត្រីវ័យ ៧៥ ឆ្នាំរូបនេះបានអះអាងថា ក្លិនអាហារតែងតែធ្វើឱ្យចង់ក្អួត ហើយបីទោះជាគាត់ធ្វើម្ហូបឱ្យកូនៗនៅពេលពួកគេធំឡើងក៏ដោយ ប៉ុន្តែគាត់ពិតជាមិនដែលញ៉ាំអាហារខ្លួនឯងនោះទេ។ គួរឱ្យចាប់អារម្មណ៍ ដោយសារតែរបបអាហារចម្លែករបស់គាត់ អ្នកស្រី Thi Loi មិនអាចបំបៅកូនដោយទឹកដោះម្តាយបានឡើយ ហើយត្រូវសុំទឹកដោះគោពីអ្នកដទៃ។
ទាក់ទងករណីនេះ វេជ្ជបណ្ឌិតមកពីនាយកដ្ឋានអាហារូបត្ថម្ភនៅមន្ទីរពេទ្យមិត្តភាពវៀតណាម-គុយបា ក្នុងទីក្រុង Dong Hoi បានឲ្យដឹងថា ភេសជ្ជៈដែលមានជាតិស្ករជួយបំពេញថាមពលរាងកាយយ៉ាងឆាប់រហ័សក្នុងគ្រាមានតម្រូវការ និងជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហាររបស់រាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេសង្កត់ធ្ងន់ថា ភេសជ្ជៈអាចមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយអាចនាំឱ្យមានបញ្ហាដូចជា ធាត់ ទឹកនោមផ្អែម លើសឈាម និងជំងឺសរសៃឈាមបេះដូងជាដើម ប៉ុន្តែ ករណីរបស់អ្នកស្រី Thi Loi ពិតជាមិនធម្មតា និងស្ទើរតែមិនគួរឲ្យជឿសម្រាប់របបអាហារមួយនេះរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង