សៀមរាប ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ១៣១អង្គ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣។
មានវត្តមានក្នុងពិធីខាងលើនេះរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរយនាក់។
លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្បីរក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិធីបុណ្យរំលឹកគុណអង្គរនាឆ្នាំនេះ ក៏នឹងរួមបញ្ចូលផងដែរ នូវការរៀបចំតាំង ពិព័រណ៍សមិទ្ធផលរបស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាន នានាក្នុងរណីយដ្ឋានអង្គរ និងការសម្តែងសិល្បៈទស្សនីយភាព ព្រមទាំងកម្មវិធីសំខាន់ៗ មួយចំនួនទៀតដូចជា៖ ការហែក្បួនព្យុះហយាត្រា ដោយសិស្សានុសិស្ស ចំនួនជាង១,២៥០ នាក់ ក្រោមប្រធានបទអរគុណអង្គរ អរគុណសន្តិភាព។ ការសម្តែងសិល្បៈល្ខោនយីកេ មហាជននៃក្រុមសិល្បៈមកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការសម្តែងសិល្បៈល្ខោន បុរាណពោលស្រី នៃក្រុមសិល្បៈស្រុកកៀនស្វាយ ខេត្តកណ្តាល។ ការសម្តែងសិល្បៈ ទស្សនីយភាពនៃព្រឹត្តិការណ៍រាត្រីចងចាំលើកទី៤ ដោយសិល្បករ និងសិល្បការិនីក្នុង និងក្រៅប្រព័ន្ធ។ ការសម្តែងសិល្បៈ ល្ខោនស្បែកធំដោយក្រុមសិល្បៈវត្តរាជបូណ៌ ឧបត្ថម្ភគាំទ្រ ដោយ សម្ដេចព្រះ ព្រហ្មរតនមុនី ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូរណ៍។ ការសម្តែងសិល្បៈ ល្ខោនចម្រុះរបស់សិល្បករ នៃសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំង សកម្មភាពដទៃៗទៀតជាច្រើនទៀត
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរំលេចនូវគុណូបការៈរបស់បុព្វបុរសសម័យដើម ដែលបានកសាងនូវប្រាង្គប្រាសាទ កសាងប្រវត្តិសាស្រ្តជាដើម ស្របតាមពាក្យស្លោកខ្មែរដែលតែងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព។ លោកជំទាវបណ្ឌិតបន្ថែមថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សែនយូរលង់ របស់ជាតិសាសនាខ្មែរដ៏ចំណាស់មួយ។ ពិធីនេះបានរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមនូវសក្កានុពលវប្បធម៌ និងទេសចរណ៍កម្ពុជា ដែលអ្នកទេសចរអាចបន្តមើលឃើញសក្ខីកម្ម ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍នៅថា ក្រៅពីការប្រារព្ធឡើងដើម្បី រំលឹកដល់បុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្ស រមណីយ ដ្ឋានអង្គរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាននោះ ពិធីបុណ្យ រំលឹកគុណអង្គរ ពិតជារួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនាសក្ខីកម្មដ៏អស្ចារ្យ របស់បុព្វ បុរសខ្មែរដែលមានទេពកោសល្យខ្ពស់។
លោកជំទាវបណ្ឌិតលើកឡើងថា ការរៀបចំពិធីបុណ្យនេះ ជាការបង្កើតនូវទំនៀម ទម្លាប់ និងវប្បធម៌នៃការដឹងគុណ ដែលជាតម្លៃសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយចងចាំ និងស្គាល់ប្រភព និងអរិយធម៌ ដែលដូនតាយើងបន្សល់ទុក ដែលមិនខុសពីអ្វីដែល យើងធ្លាប់ ធ្វើកន្លងមក ដើម្បីរំលឹកយុវជនយុវតីយើងថា ផឹកទឹកឱ្យនឹកប្រភព។
លោកជំទាវបន្តថា ពិធីនេះប្រាកដនឹងរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀត អំពី សក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនា សក្ខីកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលមានទេពកោសល្យខ្ពស់ និងដើម្បីបញ្ជាក់បន្ថែម ទៀតនូវអ្វីដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា “ខ្ញុំសូមដកស្រង់ពាក្យគន្លឹះមួយចំនួនថា យើងប្រជា រាស្ត្រខ្មែរភ្ញាក់រលឹករក្សា ការពារទឹកដី កម្ពុជា អធិបតេយ្យភាពថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ ដើម្បីកសាងប្រទេសឱ្យក្លាយទៅជាកោះសន្តិភាពឡើងវិញ”។ ក្នុងហេតុផលនេះសម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋបុរសរបស់យើងបានដាក់ ពាក្យស្លោកថា អរគុណសន្តិភាព ដើម្បីគាំទ្ររដ្ឋធម្មនុញ្ញ និងកិច្ចខិតខំប្រឹងប្រែងរបស់ ព្រះមហាក្សត្រ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែង ឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងការបន្តនូវស្មារតី ដ៏ត្រឹមត្រូវនេះ សម្តេចមហា បវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យវប្បធម៌ និងទេសចរណ៍ត្រូវ បានគេ មើលឃើញថាមានការរីកចម្រើន និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីទាក់ ទាញទាំងជាតិសាសន៍។
លោកជំទាវបន្តថា ព្រឹត្តិការណ៍ថ្ងៃនេះ ក៏ជាការរំលឹកខួបលើកទី៣១ នៃការសម្រេចចិត្ត របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការចុះបញ្ចូលអង្គរក្នុងបញ្ជី បេតិក ភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ លោកជំទាវ ក៏បានយកឱកាសនេះ ដើម្បីប្រកាសថា អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក និងយើងត្រូវរួបរួមគ្នាការពារ ទឹកដីកម្ពុជា និងទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតរបស់ប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសន្តិភាពជានិរន្តរ៍។ សក្ខីកម្មបន្ថែមនៃការអបអរសាទរចំពោះការ សម្រេចចិត្តផ្លូវការជាប្រវត្តិសាស្ត្រនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ-សំបូរព្រៃគុក ជាមួយនឹងការគាំទ្រឥតឈប់ឈររបស់អង្គការយូណេស្កូ សម្រាប់ការបន្តយន្តការអន្តរជាតិ ICC អង្គរ-សំបូរព្រៃគុក រយៈពេល ១០ ឆ្នាំទៀតរហូតដល់ឆ្នាំ ២០៣៣ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី