Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូលថវិកាជាតិ ប្រមូលបានប្រមាណ ៤៩០០លានដុល្លារ ថយចុះ ២%

ភ្នំពេញ៖ របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា ប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ២០១៦០ប៊ីលានរៀល (ប្រមាណ ៤៩០០លានដុល្លារ) ស្មើនឹង ៧៤,៩៥% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ  និងថយចុះ ២,០២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថា ប្រភពចំណូលពីសារពើពន្ធសម្រេចបាន ១៨១៤១ប៊ីលានរៀល (ប្រមាណ ៤,៤០ប៊ីលានដុល្លារ) ស្មើនឹង ៧៧,៤៥% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ពោលគឺថយចុះ ៤,២០% និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១៩៨៦ប៊ីលានរៀល (ប្រមាណ ៤៨០លានដុល្លារ) ស្មើនឹង ៩២,៧២% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ២៤,០៨%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមថា៖ «ផ្អែកលើនិន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (On-track) ឈានទៅរកការសម្រេចបាន តាមផែនការដែលបានគ្រោងទុកក្នុងច្បាប់ឆ្នាំ ២០២៣»។

ចំពោះការចំណាយវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការអនុវត្តចំណាយសរុបថ្នាក់ជាតិ បានឈានដល់ ២៦០៤២ប៊ីលានរៀល (ប្រមាណ ៦,៣២ប៊ីលានដុល្លារ) ស្មើនឹង ៧៤,៩៥% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ១៩,៤៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះចំណាយមូលធនប្រមាណ ៨៩២៧ប៊ីលានរៀល (ប្រមាណ ២,១៦ប៊ីលានដុល្លារ) កើនឡើង ១២,៣២% និងចំណាយចរន្ត ប្រមាណ ១៧១១៥ប៊ីលានរៀល (ប្រមាណ ៤,១៦ប៊ីលានដុល្លារ) កើនឡើង ២៣,៦០%។ ជារួមការអនុវត្តចំណាយគឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានាប្រកបដោយបុរេសកម្ម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចង្អុលបង្ហាញថា ផ្អែកតាមថវិកាចំណូល និងចំណាយរបស់ជាតិសរុបក្នុងរយៈពេល ១០ខែនេះ «ជាលទ្ធផលការអនុវត្តថវិកាថ្នាក់ជាតិ មានឳនភាពសរុប ៥៨៨១ប៊ីលានរៀល (ប្រមាណ ១,៤២ប៊ីលានដុល្លារ)»។

ទោះជាយ៉ាងណា ក្រសួងបានលើកឡើងថា រាជរដ្ឋាភិបាល បន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកប ដោយប្រសិទ្ធភាពបំផុតនិងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។

គួរជម្រាបថា ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិជាក់ស្តែង សម្រេចបាន ៤៩៨០ប៊ីលានរៀល (ប្រមាណ ១,២ប៊ីលានដុល្លារ) ស្មើនឹង ៧៧,៧១% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបាន ៤១៩៧ប៊ីលានរៀល (ប្រមាណជាង ១ប៊ីលានដុល្លារ) ស្មើនឹង ៥៤,២៩% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមានប្រមាណ ៤៧ប៊ីលានរៀល៕

×