ការសាងសង់ផ្ទះនីមួយៗ គឺជារឿងសំខាន់ណាស់ ដែលម្ចាស់ផ្ទះត្រូវមើលដោយហ្មត់ចត់បំផុត ចំពោះអ្នកម៉ៅការ និងអ្នកបច្ចេកទេស។ ប្រសិនបើអ្នកជ្រើសរើសចំអ្នកទទួលខុសត្រូវការងារល្អ នោះផ្ទះរបស់អ្នកនឹងគាប់ប្រសើរផងដែរ។ ប៉ុន្តែប្រសិនបើអ្នកជួបជាងដែលមិនខ្វល់នឹងការងាររបស់ខ្លួន ឬគ្មានជំនាញ នោះលទ្ធផលចេញមកមិនដូចការរៀបរាប់ ហើយហានិភ័យនឹងអាចកើតឡើងដែលសូម្បីផ្ទះមិនទាន់ត្រូវបានបញ្ចប់រួចរាល់។
យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ គណនី TikTok ឈ្មោះ aumbellezza បានបញ្ចេញរឿងរ៉ាវអំពីបទពិសោធន៍សាងសង់ផ្ទះដ៏ខកចិត្តរបស់ខ្លួន ដែលបានចំណាយលុយ 1.7 លានបាត (ស្មើជិត ៥ ម៉ឺនដុល្លារ) ធ្វើឡើងអស់រយៈពេល ៨ ខែបានកន្លងផុតទៅ ប៉ុន្តែអ្វីដែលបានទទួលគឺផ្ទះមិនទាន់បញ្ចប់ ដោយមានតែគ្រោងសសរស៊ីម៉ងត៍ ដែលមិនអាចទទួលយកបានឡើយ។ ម្ចាស់គណនី TikTok ខាងលើ ក៏បានបញ្ជាក់ថា មិនមែនតែផ្ទះរបស់ខ្លួនទេ គឺមានផ្ទះផ្សេងទៀតដែលសាងសង់ដោយក្រុមហ៊ុនដូចគ្នា ក៏ប៉ះពាល់ដែរ។
ជាក់ស្តែង ពេលចុះទៅពិនិត្យលម្អិត ស្រ្តីជាម្ចាស់ផ្ទះបានរកឃើញថា ទោះជាមានតែគ្រោងក៏ដោយ ក៏ការសាងសង់មិនមានស្តង់ដារដែរ ដោយសារសសររចនាសម្ព័ន្ធសំខាន់ៗមានសភាពទ្រុឌទ្រោម ផ្អៀង ហើយស៊ីម៉ងត៍ត្រូវប្រេះ ធ្វើឱ្យសសរមើលទៅមានស្នាមប្រេះ និងមិនស៊ីមេទ្រី ដែលបង្ហាញមិនមានភាពរឹងមាំរបស់ផ្ទះនោះទេ។ វិស្វករម្នាក់បានមកពិនិត្យមើលរចនាសម្ព័ន្ធហើយ បាននិយាយថា សំណង់នេះមិនតាមស្តង់ដារទេ ឥឡូវរង់ចាំសុំឱ្យភ្នាក់ងារកណ្តាលចុះពិនិត្យឡើងវិញ។
លើសពីនេះ ការលាយស៊ីម៉ង់ត៍របស់ជាង គឺនៅតែមិនទាន់ចេះលាយល្បាយបញ្ចូលគ្នាឱ្យបានហ្មត់ចត់នៅឡើយ ដោយនៅតែអាចឃើញថ្ម និងខ្សាច់ ដាច់ដោយឡែកពីគ្នានៅក្នុងសសរ ដែលភាគច្រើនគឺបែបនេះ។
ដោយឡែក នៅពេលអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ បន្ទាប់ពីបានឃើញរូបភាពដ៏ហួសចិត្តនេះរួចភ្លាម បានសួរនាំថា «តើអ្នកធ្វើជាក្រុមហ៊ុនសាងសង់ផ្ទះមែនទេ? ម្ចាស់ផ្ទះក៏បានឆ្លើយថា «ហ្នឹងហើយ!»។ អ្នកខ្លះគិតថា ការសាងសង់ផ្ទះត្រូវបញ្ចប់ក្នុងរយៈពេល ៨ ខែ វាមិនអាចទៅរួចទេក្នុងការបង្កើតរចនាសម្ព័ន្ធបែបនេះ។ រីឯចំពោះការជួសជុលអ្វីដែលបានខុសនោះ គឺពិតជាពិបាកក្នុងការដោះស្រាយណាស់។ មធ្យោបាយតែមួយគត់ គឺត្រូវកម្ទេចចោល ហើយធ្វើឡើងវិញប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង