ភ្នំពេញ៖ ស្ថិតិរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទេ្វភាគីកម្ពុជា និងវៀតណាម សម្រេចបានទំហំទឹកប្រាក់ ៥៨៧៧ លានដុល្លារ កើនឡើង ៦,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
តួលេខដដែលនេះ បានបង្ហាញទៀតថា ក្នុងរយៈពេល ១១ខែនេះ ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានា ទៅកាន់ប្រទេសវៀតណាម មានតម្លៃទឹកប្រាក់ប្រមាណ ២៦១១លានដុល្លារ កើនឡើង ៣៧,៨%។ ចំណែកឯ ការនាំចូលរបស់ប្រទេសកម្ពុជា ត្រឡប់មកពីប្រទេសវៀតណាមវិញ មានតម្លៃទឹកប្រាក់ ៣២៦៦លានដុល្លារ ថយចុះ ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដែលភាគច្រើនមុខទំនិញរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសក្បែរខាងមួយនេះជាផលិតផលកសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី ដំឡូងមី ស្រូវ ពោត និងជ័រកៅស៊ូ ជាដើម។ ដោយឡែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលពីប្រទេសវៀតណាម រួមមាន ប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសំណង់ ជីកសិកម្ម និងបន្លែផ្លែឈើ ជាដើម។
សូមជំរាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម។ គោលបំណងនៃទស្សនកិច្ចននេះ គឺបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។ បញ្ហាអនុតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្តីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
យោងតាមរបាយការណ៍របស់ស្ថានទូតវៀតណាម បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងវៀតណាម ឈានដល់ ១០,៥៧ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២។ ហើយវាត្រូវបានគេព្យាករណ៍ថានឹងឈានដល់ប្រហែល ៩ប៊ីលានដុល្លារនៅឆ្នាំ ២០២៣។ ចំណែកឯចំនួនភ្ញៀវទេសចរវៀតណាម មកទស្សនាប្រទេសកម្ពុជា មានប្រមាន ៨៨ម៉ឺននាក់ ខណៈចំនួនភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅប្រទេសវៀតណាមវិញ មានប្រមាណ ៣០ម៉ឺននាក់ ក្នុងរយៈពេល ១០ខែដំបូង ឆ្នាំ ២០២៣នេះ៕