អតិថិជនវ័យក្មេងម្នាក់ ពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីបាន Booking ហៅសេវាកម្មរថយន្តតាមរយៈកម្មវិធី (App) ស្រាប់តែបានជួបអ្នករត់តាក់ស៊ីជាបុរសចំណាស់ម្នាក់ បើករថយន្តទំនើប Benz មកទទួល ប៉ុន្តែ បន្ទាប់ពីបានស្តាប់ពីមូលហេតុ ធ្វើឲ្យគាត់កោតសរសើរជាខ្លាំង។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ វីដេអូឃ្លីបមួយត្រូវបានចែករំលែកយ៉ាងពេញនិយមនៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់គណនី TikTok ឈ្មោះ megat_suprax នៅប្រទេសម៉ាឡេស៊ី បានបង្ហោះបទពិសោធន៍ដ៏រន្ធត់ចិត្តមួយ បន្ទាប់ពីបានហៅសេវារថយន្តតាមរយៈកម្មវិធី Grab ប៉ុន្តែ គាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញឡានមកទទួល គឺជារថយន្តដ៏ប្រណិតថ្លៃ Mercedes-Benz ហើយអ្នកបើកបរគឺជាបុរសចំណាស់ម្នាក់ទៀតផង ដែលពិតជាគួរឲ្យចម្លែកស្ទើរតែមិនហ៊ានឡើងជិះ។
តាមរយៈវីដេអូឃ្លីបបានបង្ហាញថា អតិថិជនវ័យក្មេងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានចូលទៅក្នុងកៅអីខាងក្រោយនៃរថយន្តស៊េរីទំនើបពណ៌ខ្មៅ ហើយដោយមានការងឿងឆ្ងល់ គាត់ក៏បានសួរនាំហេតុផល ហេតុអ្វីយកឡានថ្លៃមកបម្រើអតិថិជនបែបនេះ? ហើយចម្លើយដែលបុរសចំណាស់នោះ បានឆ្លើយតប ធ្វើឱ្យគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង…។
បុរសចំណាស់ដែលមានវ័យប្រហែល ៧០ ឆ្នាំ បានឆ្លើយជាមួយអារម្មណ៍ល្អថា គាត់មករត់តាក់ស៊ីនេះ គឺដោយសារធុញនឹងនៅផ្ទះពេញមួយថ្ងៃពេក ហើយចំណាយពេលស្ទើរតែពេញមួយថ្ងៃនៃការគេង ដូច្នេះគាត់បានសម្រេចចិត្តធ្វើអ្វីដែលមានប្រយោជន៍ដោយឯករាជ្យដោយខ្លួនឯង ធ្វើជាអ្នកបើកបរ Grab តែម្តងទៅ។ លើសពីនេះ គាត់ក៏បានបង្ហើបឲ្យដឹងថា ក្រៅពីផ្ទះ រថយន្តម៉ាក Mercedes-Benz នេះ គឺនៅមានឡានថ្លៃៗច្រើនទៀត រួមមាន៖ម៉ាក Audi និង BMW ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង