នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ China Press បានរាយការណ៍រឿងរ៉ាវដ៏រំជួលចិត្តមួយ របស់ស្ត្រីម្នាក់ឈ្មោះ Xiao Zhao អាយុ ៣៣ ឆ្នាំ មកពីខេត្ត Shandong ប្រទេសចិន។ នោះក៏ព្រោះតែនាងគឺជា «ក្មេងកំព្រា» ម្នាក់ដែលត្រូវបានឪពុកម្តាយចិញ្ចឹមចិត្តធម៌ យកមកពីទីជម្រកមួយកាលនាងនៅក្មេងមកចិញ្ចឹម ហើយនាងមានវាសនាល្អ បានរស់នៅយ៉ាងសុខស្រួល រហូតដល់នាងធំឡើង ឪពុកម្តាយចិញ្ចឹមរបស់នាងមានចិត្តសប្បុរសក្នុងការជួយនាងស្វែងរកឪពុកម្តាយបង្កើតរបស់នាង ប៉ុន្តែនាងមិននឹកស្មានដល់ថា នៅពេលបានជួបឪពុកម្តាយដែលនាងស្រមៃចង់បានជាយូរមកនោះ បែរជាធ្វើឲ្យនាងស្រក់ទឹកភ្នែក និងខកចិត្តយ៉ាងខ្លាំង។
ទាក់ទងរឿងស្វែងរកឪពុកម្តាយបង្កើត ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ដោយមានជំនួយពីប៉ូលីស និងមូលដ្ឋានទិន្នន័យ DNA គេបានរកឃើញថា DNA របស់នាងត្រូវគ្នានឹងប្តីប្រពន្ធមួយគូនៅទីក្រុង Shaoxing ខេត្ត Zhejiang ដែលបានធ្វើឱ្យ Xiao Zhao សប្បាយចិត្តយ៉ាងខ្លាំង។ ទោះបីចម្ងាយពីខេត្ត Shandong ដែលឪពុកម្តាយបង្កើតរបស់នាងរស់នៅមានចម្ងាយជាង 1,000 គីឡូម៉ែត្រ ក៏ដោយ ក៏នាងនឹងរីករាយក្នុងការធ្វើដំណើរទៅជួបពួកគេ។
ដោយសារតែប្រទេសចិនមានករណីបាត់មនុស្សជាច្រើនករណី ដូច្នេះ ឪពុកម្តាយជាច្រើនតែងតែធ្វើតេស្ត DNA ដែលត្រូវបានកត់ត្រាទុកក្នុងមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាល ដោយសង្ឃឹមថាថ្ងៃណាមួយក្មេងដែលបាត់នោះនឹងត្រូវបានរកឃើញ។ ហើយការដែល Xiao Zhao បានរកឃើញឪពុកម្តាយរបស់នាងពីមូលដ្ឋានទិន្នន័យនោះ ក៏បានធ្វើឱ្យក្មេងកំព្រាម្នាក់នេះជឿថាឪពុកម្តាយរបស់នាងក៏កំពុងស្វែងរកនាងដែរ។
តាមឃ្លីបដែលប៉ូលិសថតបានកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ គេអាចមើលឃើញថា Xiao Zhao បានទៅជួបឪពុកម្តាយដោយរំភើបចិត្ត។ ជាក់ស្តែង នៅពេលនាងបានទៅដល់ទីក្រុងដែលឪពុកម្តាយបង្កើតរបស់នាងគេរស់នៅ អារម្មណ៍ដ៏លើសលប់ធ្វើឲ្យនាងយំ។ ហើយទោះបីជាឪពុកម្ដាយមិនបានរៀបចំពិធីស្វាគមន៍ ក៏នាងនៅតែមានអារម្មណ៍សប្បាយចិត្ត និងទន្ទឹងរង់ចាំជួបពួកគេ។
ពេលនៅក្នុងឡាន Xiao Zhao បានសួរប៉ូលីស ខណៈកំពុងយំថា “គ្រួសារខ្ញុំយ៉ាងម៉េចហើយ? តើឪពុកម្តាយខ្ញុំសព្វថ្ងៃនេះ ពួកគាត់កំបុងធ្វើអ្វីដើម្បីចិញ្ចឹមជីវិត?»។ រាល់ពេលដែលប្រធានបទរបស់ឪពុកម្តាយបង្កើតរបស់នាងត្រូវបានលើកឡើង នារីជាក្មេងកំព្រារូបនេះមិនអាចទប់អារម្មណ៍របស់នាងបាននោះទេ។
ទោះជាយ៉ាងណា ពេលវេលាដែល Xiao Zhao ទន្ទឹងរង់ចាំបានមកដល់ អ្វីៗគឺមិនដូចការរំពឹងទុកនោះទេ។ ព្រោះថា មនុស្សតែម្នាក់គត់ដែលមកជួបនាង គឺឪពុកបង្កើតរបស់នាងដែលមានទឹកមុខត្រជាក់ ខណៈម្តាយបង្កើត និងប្អូនស្រីបង្កើតរបស់នាងដទៃទៀត ពួកគេមិនព្រមមកជួប និងសូម្បីមិនព្រមឱ្យនាងទៅតាមដល់ផ្ទះទៀតផង។
ពេលឃើញអាកប្បកិរិយារបស់គ្រួសារពិត និងឪពុកដែលទើបតែមកជួបមុខ ដោយមិនបានគិតចង់យកនាងត្រឡប់ទៅផ្ទះនោះ បានធ្វើឲ្យ Xiao Zhao ខូចចិត្តយ៉ាងខ្លាំង។ ហេតុនេះ នាងបានដឹងភ្លាមថា នាងជាក្មេងដែលគេបោះបង់ចោលប៉ុណ្ណោះ ព្រោះពួកគេមិនបានស្វាគមន៍នាងទាល់តែសោះ។
ប៉ុន្តែទោះជាបែបនេះក៏ដោយ Xiao Zhao ក៏មិនត្អូញត្អែរអ្វីនោះទេ ដោយនាងគ្រាន់តែងាកទៅនិយាយជាមួយឪពុករបស់នាងដើម្បីឱ្យគាត់ដឹងថា នាងកំពុងស្វែងរកពួកគេ គឺដោយសារតែនាងគ្រាន់តែចង់ដឹងថា តើឪពុកម្តាយពិតប្រាកដរបស់នាងបានកំពុងធ្វើអ្វី ហើយពួកគេមានលក្ខណៈបែបណា នាងមិនរំពឹងថានឹងពឹងផ្អែកលើពួកគេសម្រាប់អ្វីនោះទេ។
នៅពេលនោះ ឪពុកពិតរបស់នាង បាននិយាយទៅកាន់នាងដោយទឹកមុខស្ងប់ស្ងាត់ថា “ខ្ញុំដឹងហើយថាខ្ញុំជំពាក់អ្នក។ ខ្ញុំបានប្រាប់ពួកគេរួចហើយ»។ ពេលឮសម្ដីឪពុកបែបនេះ Xiao Zhao បានយល់ ព្រោះបើទោះបីជាឪពុកដឹងថានាងជាឈាមរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅពេលអ្នកដទៃនៅក្នុងផ្ទះមិនទទួលយក ឪពុកមិនអាចធ្វើអ្វីបានឡើយ។ ដូច្នេះហើយ Xiao Zhao បានត្រឹមតែឆ្លើយថា «គ្មានបញ្ហាអ្វីទេ! ខ្ញុំមកនេះ គឺគ្រាន់តែចង់ជួបអ្នកទាំងអស់គ្នា ហើយខ្ញុំចង់ដឹងថា តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីប៉ុណ្ណោះ»។
Xiao Zhao បាននិយាយស្ថិតក្នុងស្ថានភាពស្រក់ទឹកភ្នែកថា “ខ្ញុំតែងតែគិតថាអ្នកទាំងអស់គ្នានឹងមានបញ្ហា។ ខ្ញុំបានបារម្ភពីអ្នកទាំងអស់គ្នាខ្លាំងណាស់ ខ្ញុំមិនចង់បានអ្វីនោះទេ»។ ដោយឃើញការព្រួយបារម្ភរបស់កូនស្រី ឪពុកបង្កើតបាននិយាយយ៉ាងត្រជាក់ថា «កុំយំ យើងមានជីវិតល្អឥឡូវនេះ»។
Xiao Zhao ក៏បានប្រាប់ឪពុករបស់នាងថា «ខ្ញុំសុខសប្បាយជាទេ ពុកមិនបាច់បារម្ភពីខ្ញុំទេ គ្រួសារដែលបានចិញ្ចឹមខ្ញុំពិតជាគួរអោយស្រលាញ់ណាស់»។ នាងក៏បានប្រាប់ឪពុកថា ប្រសិនបើពួកគេសុខចិត្តមកជួបនាងនៅខេត្ត Shandong នោះ នាងសុខចិត្តមើលថែពួកគេពេលចាស់ទៅ។
របាយការណ៍បានបង្ហាញថា ឪពុកម្តាយចិញ្ចឹមរបស់ Xiao Zhao មានសុខភាពល្អគួរសម។ Xiao Zhao បាននៅជាមួយពួកគេតាំងពីនាងនៅតូច ទោះបីជាឪពុកម្តាយចិញ្ចឹមក្រោយមកមានកូនប្រុសម្នាក់ក៏ដោយ ក៏ពួកគេនៅតែស្រឡាញ់និងចិញ្ចឹម Xiao Zhao ដូចកូនបង្កើតរបស់ពួកគេអ៊ីចឹង។ ដូច្នេះហើយ ទើបនាងទទួលបានការអប់រំល្អ ហើយឥឡូវនេះនាងបានរៀបការហើយ។ ទាំង Xiao Zhao និងប្តីរបស់នាងបានប្រឡូកក្នុងជំនួញ។ ដូច្នេះហើយ ត្រឹមការចិញ្ចឹមមើលថែពីឪពុកម្តាយបង្កើត វាមិនមានជាញ្ហាដែលនាងមិនអាចធ្វើបាននោះទេ។
រឿងរ៉ាវនេះបានក្លាយជាប្រធានបទដែលអ្នកនិយមលេងអ៊ីនធឺណិត បានពិភាក្សាជាច្រើន ខណៈពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមកពីខេត្ត Shandong បានបញ្ចេញមតិថា «ត្រលប់មកវិញ ពួកយើងនៅ Shandong នឹងគាំទ្រអ្នក» ។ រីឯអ្នកមកពីខេត្ត Zhejiang វិញក៏បានបញ្ចេញមតិថា “ក្នុងនាមប្រជាជនមកពីខេត្ត Zhejiang ខ្ញុំពិតជាសុំទោស និងកោតសរសើរទឹកចិត្តរបស់អ្នកយ៉ាងខ្លាំង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង