Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញឲ្យ ធនាគារ ARDB បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រីកសេវាធនាគារតាមបែបឌីជីថល

ភ្នំពេញ៖ ខួប២៥ឆ្នាំ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញការងារ ដើម្បី​ឲ្យធនាគារ ARDB យកចិត្ដទុកដាក់អនុវត្ដ ក្នុងនោះ ឯកឧត្តមជំរុញឲ្យ ធនាគារ ARDB បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ពង្រីកសេវាធនាគារតាមបែបឌីជីថល។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមស្នើឲ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់ធនាគារយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចជា គិតគូរដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ នូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន។ បន្តចូលរួមក្នុងដំណើរការរៀបចំ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដើម្បីមានកាលានុវត្តភាពបន្ថែម ក្នុងការបញ្ជា្របផលិតផល និងសកម្មភាពរបស់ធនាគារ ឲ្យកាន់តែច្រើន និងទូលំទូលាយ។

ឯកឧត្តម ក៏បានជំរុញឲ្យធនាគារ ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជន ឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងមុនពេល និងក្រោយពេលប្រមូលផល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។

លើសពីនេះឯកឧត្តម បានជំរុញឲ្យធនាគារ ARDB បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី។ បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាឲ្យកាន់តែកៀកនឹងអតិថិជន។ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើម។

លើសពីនេះចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ឥណទានសម្រាប់ពង្រីក និង លើកកម្ពស់ផលិតកម្មកសិកម្ម។ បន្តកៀរគរធនធានបន្ថែម ពីប្រភពសក្តានុពលនានា ជាពិសេសពីប្រភពប្រាក់បញ្ញើដែលនៅមានលម្ហធំ និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងការរៀបចំប្រព័ន្ធផ្តល់ការលើកទឹកចិត្តសមស្រប សម្រាប់មន្រ្តី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយគួបផ្សំជាមួយនឹងការពង្រឹងវិន័យការងារ។

គួរជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសម្រេចសមិទ្ធផលធំៗ ក្នុងរយៈពេល២៥ឆ្នាំមកនេះ​  មានដូចជា មានទ្រព្យសកម្មសរុប បានចាប់ផ្តើមពី ២.៥ លានដុល្លារ នៅឆ្នាំ១៩៩៨ និងបានកើនដល់ប្រមាណជា ៤៦០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៣% ក្នុងមួយឆ្នាំ។ មូលនិធិភាគទុនិក បានកើនដល់ប្រមាណជា ១៧០ លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ។ ឥណទាន បានចាប់ផ្តើមពី ០.៥២ លានដុល្លារ នៅឆ្នាំ១៩៩៨ និងបានកើនទៅដល់ប្រមាណជា ៤២៣ លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៨% ក្នុងមួយឆ្នាំ៕

×