រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាជនជាតិចិនថ្មីថ្មោងមួយគូ បានបង្កឲ្យផ្ទុះការវែកញែកយ៉ាងខ្លាំង នៅលើពិភពលោកអនឡាញ នោះគឺដោយសារតែមិត្តភក្តិរបស់កូនកំលោះបានគប់គ្រាប់បែកផ្សែង ចូលក្នុងបន្ទប់កូនក្រមុំ បណ្តាលឱ្យមានផ្សែងហុយពេញបន្ទប់ ដើម្បីជាឱកាសឱ្យកូនកំលោះចូលចាប់ចាប់កូនក្រមុំចេញភ្លាមៗ ដោយមិនចាំបាច់ចំណាយលុយដាក់ក្នុងស្រោមសំបុត្រ ឱ្យអ្នកកំដរកូនក្រមុំដែលនៅចាំបិទទ្វារ។
ពិធីមង្គលការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងខេត្ត Shandong ។ មុនពិធីចាប់ផ្តើម កូនកំលោះត្រូវដឹកនាំក្បួនដង្ហែទៅយកកូនក្រមុំចេញពីផ្ទះ។ ប៉ុន្តែមុននឹងអាចទៅដល់កូនក្រមុំដែលកំពុងរង់ចាំក្នុងបន្ទប់ ដែលត្រូវឆ្លងកាត់ «រនាំង» ពីសំណាក់អ្នកកំដរកូនក្រមុំឈរនៅមាត់ទ្វារ ដែលរារាំងផ្លូវរហូតដល់កូនកំលោះប្រគល់ស្រោមសំបុត្រឱ្យពួកគេ ទើបពួកគេយល់ព្រមបើកផ្លូវឲ្យចូល។
ពេលជួបអ្នកកំដរកូនក្រមុំដែលចេះតែសុំស្រោមសំបុត្រពីកូនកំលោះ ភ្លាមនោះមិត្តភក្តិកំលោះម្នាក់បានយកគ្រាប់បែកផ្សែងពីរគ្រាប់បោះចូលក្នុងបន្ទប់កូនក្រមុំតែម្តង ដែលបានបណ្តាលឲ្យមានផ្សែងផុសផុលពេញបន្ទប់ជាមួយក្លិនស្អុយជាខ្លាំង។ ផ្សែងទាំងនេះមិនគ្រាន់តែរាយប៉ាយទៅលើអ្នកកំដរប៉ុណ្ណោះទេ សូម្បីតែកូនក្រមុំនៅក្នុងបន្ទប់ ក៏រងផលប៉ះពាល់ទាំងស្រុងផងដែរ។
ពេលដែលអ្នករាល់គ្នាភ័យស្លន់ស្លោ និងឈ្លក់ផ្សែង កូនកំលោះក៏បានស្ទុះចូលទៅទាញកូនក្រមុំដែលនៅកណ្តាលផ្សែង យកចេញពីបន្ទប់ភ្លាមៗ។ ទង្វើនេះត្រូវបានគេហៅថា ការបញ្ចប់បេសកកម្មទៅយកកូនក្រមុំ ដោយមិនចាំចំណាយលុយក្នុងស្រោមសំបុត្រច្រើន។
យ៉ាងណាមិញ ពេលឃើញទិដ្ឋភាពនេះរួចហើយ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិខ្លាំងទាំងហួសចិត្តថា «ឱព្រះអើយ ស្រោមសំបុត្រត្រឹម ១ យន់ សោះ ហេតុអ្វីបានជាកូនកំលោះមិនហ៊ានចំណាយ តើវាអស់ប៉ុន្មានទៅ? បើពួកអ្នកគប់គ្រាប់បែកផ្សែងទម្លោះទ្វារបែបនេះ សួរថាតើនឹងមានអ្វីកើតឡើង!?»។ ខណៈអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនបានលើកឡើងថា «ខ្ញុំមិនយល់ទាល់តែសោះ បើខ្ញុំជាកូនក្រមុំ ខ្ញុំពិតជាខឹងខ្លាំងណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង