វីដេអូមួយដែលត្រូវបានគេបង្ហោះលើបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចិនភ័យញ័រជាខ្លាំង។ នោះក៏ព្រោះតែវីដេអូនោះបានបង្ហាញពីក្មេងស្រីម្នាក់ អង្គុយលើខ្នងខ្លាដ៏ធំមួយក្បាល ដើម្បីថតរូប បន្ទាប់ពីមើលសៀកនៅសៀកមួយក្នុងស្រុក Dien Dong ខេត្ត Guangxi។
អ្នកទស្សនាវីដេអូភាគច្រើនជឿថា សៀកនេះគឺដើម្បីរកលុយ ទើបមិនខ្វល់ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់អតិថិជន ដែលអនុញ្ញាតឱ្យក្មេងៗអង្គុយលើខ្នងសត្វព្រៃដ៏កាចសាហាវបែបនេះ។ យោងទៅតាមការគិតរបស់ពួកគេ នោះទោះបីជាសត្វខ្លាត្រូវបានបណ្តុះបណ្តាលក៏ដោយ តែសកម្មភាពនេះនៅតែមានហានិភ័យដែលអាចកើតមាន ដែលមិនអាចទុកចិត្តបានសោះឡើយ។
សត្វខ្លានៅក្នុងឃ្លីបនេះ ត្រូវបានឃើញជើងខាងក្រោយរបស់វាត្រូវបានចង ប៉ុន្តែកន្ទុយរបស់វានៅតែគ្រវី ដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភអំពីសុវត្ថិភាពរបស់កុមារ ដែលអង្គុយនៅលើខ្នងខ្លា ដើម្បីថតរូបជាខ្លាំង។
បន្ទាប់ពីការស៊ើបអង្កេតរួចមក អាជ្ញាធរបានចេញឯកសារស្នើសុំឱ្យក្រុមសៀកបញ្ឈប់ការសម្ដែងជាបន្ទាន់ និងបានប្រកាសថា នឹងពិចារណាលើការផាកពិន័យតាមផ្លូវច្បាប់ ចំពោះប្រតិបត្តិករសៀកផងដែរ។
បើទោះជាការសម្តែងសៀកនោះ ត្រូវបានបិទ ប៉ុន្តែវីដេអូខាងលើបានបន្តធ្វើឱ្យមានប្រតិកម្មតាមប្រព័ន្ធអ៊ីនធឺណិត អ្នកទស្សនាជាច្រើនបានសម្ដែងការព្រួយបារម្ភ និងខឹងសម្បារថា៖ «ខ្លាមួយក្បាលនេះ ច្បាស់ជាត្រូវរងទុក្ខច្រើនណាស់ ដែលទ្រាំទ្រនឹងការព្យាបាលបែបនេះ, ប្រតិបត្តិករសៀកគ្មានទំនួលខុសត្រូវ ឆ្លៀតយកប្រយោជន៍ពីសត្វ ដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់មនុស្ស, ខ្ញុំអាណិតខ្លាណាស់ ពីតំណែងជាម្ចាស់ព្រៃ បានក្លាយជាសត្វដ៏គួរឱ្យអាណិតដែលមនុស្សជិះលើ, អ្នកជំនួញគ្មានសីលធម៌ យកសត្វខ្លាធ្វើដូចជាប្រដាប់ក្មេងលេង មិនត្រឹមតែខ្វះក្រមសីលធម៌ជាមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងលេងល្បែងជាមួយជីវិតមនុស្សទៀតផង, វាជារឿងដ៏គ្រោះថ្នាក់ណាស់!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង