ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើងនៅហាងលក់រថយន្តមួយឈ្មោះ G Motors ភាគពាយ័ព្យនៃ Harris County ក្បែរ Cypress Creek Parkway ទីក្រុង Houston រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ អ្នកគ្រប់គ្រងផ្នែកលក់ Gaby Fakhoury បាននិយាយថា យ៉ាងហោចណាស់មានរថយន្តចំនួន ៥ គ្រឿងបានរងការខូចខាត។ គាត់បានប៉ាន់ប្រមាណថាឧបទ្ទវហេតុនេះបណ្តាលឱ្យខូចខាតពី 100.000 ទៅ 350.000 ដុល្លារអាមេរិក។
តាមរូបភាពដែលថតបាននៅកន្លែងកើតហេតុ គេឃើញរថយន្តរងការខូចខាតផ្សេងគ្នា ខ្លះខូចខាតផ្នែកចំហៀង និងខ្លះទៀតកាងខាងមុខខូចខាតយ៉ាងដំណំ។
យ៉ាងណាមិញ វីដេអូឃ្លីបដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា «ជនល្មើស» ដែលបំផ្លាញរថយន្តទាំងនោះ មិនមែនជាមនុស្សទេ តែជាសត្វឆ្កែមួយហ្វូង។ សត្វឆ្កែទាំងនោះបានខាំហែកកាង និងរបាំងការពាររថយន្តជាច្រើនដ៏ខឹងសម្បារនៅពេលយប់។ គេជឿថា ពួកវាបានលូនចូលតាមរបង ដើម្បីទៅដល់រថយន្ត។
ប្រធានផ្នែកហិរញ្ញវត្ថុ Imran Haq បានប្រាប់ ABC13 ថា ដំបូងឡើយគាត់គិតថាវាជា «ចចក» ប៉ុន្តែ រហូតដល់ឆែកកាមេរ៉ាមើលទើបដឹងថាជាសត្វឆ្កែដ៏មិននឹកស្មានដល់។
លោក Fakhoury បានរៀបរាប់ឡើងវិញថា «គ្រប់គ្នាមិនដែលគិតថា សត្វឆ្កែមានកម្លាំងអាចបំបែករថយន្តបានដូច្នេះទេ»។
នៅដើមខែធ្នូ សត្វឆ្កែទាំងនេះបានបន្តត្រឡប់មកវិញនៅក្នុងការវាយប្រហារលើកទីបួន មកលើរថយន្តនៅទីនេះ ហើយអ្នកលក់រថយន្តមិនដឹងថានៅពេលណាដែលឧប្បត្តិហេតុនឹងបញ្ចប់នោះទេ ដូចជាពួកវាមានគំនុំសងសឹក ឬមានអ្វីមួយខុសជាមួយរថយន្តទាំងនោះ។
ភ្នាក់ងារក៏មានការព្រួយបារម្ភផងដែរថា ឧបទ្ទវហេតុនេះនឹងធ្វើឱ្យអតិថិជនមានអារម្មណ៍ភ័យខ្លាច ហើយអាជីវកម្មនឹងរងផលប៉ះពាល់។ បុគ្គលិករបស់ពួកគេក៏មានការព្រួយបារម្ភផងដែរ រាល់ពេលដែលក្រុមហ៊ុន G Motors ដាក់របាយការណ៍ទៅនាយកដ្ឋានប៉ូលីស Houston ។ ទោះជាយ៉ាងណា ប៉ូលិសបាននិយាយថា នេះជារឿងរដ្ឋប្បវេណីមានន័យថាពួកគេមិនអាចជួយបានទេ។
ក្រុមហ៊ុន G Motors ត្រូវបានលើកទឹកចិត្តឱ្យជួលអ្នកស៊ើបអង្កេតឯកជន ដើម្បីស្វែងរកម្ចាស់សត្វឆ្កែ ប្រសិនបើរកឃើញ ដូច្នេះពួកគេអាចដាក់ពាក្យបណ្តឹងបាន។ តែលោក Fakhoury បាននិយាយថា «យើងមិនចង់រង់ចាំចំណាយពេល ដើម្បីធ្វើឲ្យនរណាម្នាក់ឈឺចាប់ទេ»។ ទោះយ៉ាងណា វាហាក់បីដូចជាការបំផ្លិតបំផ្លាញនេះ ពីសំណាក់ហ្វូងសត្វឆ្កែវង្វេង។
ក្រុមហ៊ុន G Motors បាននិយាយថា ពួកគេមិនបានចាត់វិធានការណាមួយ ដើម្បីដោះស្រាយជាមួយនឹង «ជនល្មើស» ដ៏រឹងរូស និងតស៊ូទាំងនេះទេ ប៉ុន្តែបានប្រកាសថា ពួកគេនឹងផ្លាស់ទីទៅទីតាំងថ្មីនៅខែធ្នូនេះ។
ទន្ទឹមនឹងនេះ ប៉ូលីស Houston បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មក្នុងស្ថានភាពស្រដៀងគ្នា សូមពង្រឹងដាក់ប្រព័ន្ធការពាររបស់ពួកគេ ដើម្បីការពារការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេដូចករណីដ៏មិននឹកស្មានដល់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង