នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ គេហទំព័រ Sinchew រាយការណ៍ថា រូបភាពដ៏សប្បាយរីករាយរបស់អតិថិជនគ្រួសារមួយដែលលើកមេដៃ និងថតរូបជាមួយរថយន្តថ្មីសន្លាង នៅក្នុងហាងលក់រថយន្ត កំពុងតែក្លាយជាចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិតម៉ាឡេស៊ីជាច្រើន។ មូលហេតុគឺមិនមែនដោយសារតែម៉ូដែលនេះគឺកម្រជាពិសេសនោះទេ ប៉ុន្តែគឺដោយសាររូបភាពប្រៀបធៀបស្ថានភាពរថយន្តដែល១ម៉ោងក្រោយមក ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើល។
ពិតណាស់ អ្វីដែលធ្វើឲ្យអ្នកលេងអ៊ីនធើរណែតភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងនោះ រថយន្តថ្មីរបស់គ្រួសារនោះត្រូវលង់ទឹកកណ្តាលទឹកជំនន់ ខណៈដែលចតនៅខាងក្រៅក្នុងទីក្រុង Puchong ប្រទេសម៉ាឡេស៊ី ក្នុងតំបន់ដែលរងការលិចលង់ដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក Azhazul Azri ដែលបង្ហោះរូបថតនោះបាននិយាយថា ប្អូនប្រុសរបស់គាត់ទើបតែបានប្រគល់រថយន្តជូនអតិថិជននៅម៉ោង ៥៖០០ ល្ងាចកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ ប៉ុន្តែក្រោយមកនៅវេលាម៉ោង៦ល្ងាច រថយន្តក៏ស្ថិតក្នុងស្ថានភាពបែបនេះម្តងទៀត។
សម្រាប់អ្នកដែលប្រើរថយន្តបានដឹងហើយថា ការចំណាយលើការជួសជុលរថយន្តមិនតិចទេ។ ទោះជាយ៉ាងណា ក្នុងករណីនេះ ប្អូនប្រុសរបស់ Azri ក៏បានប្រាប់អតិថិជនរបស់គាត់ ឱ្យទិញធានារ៉ាប់រងគ្រោះធម្មជាតិបន្ថែមផងដែរ ដើម្បីទទួលបានការធានារ៉ាប់រង បន្ថែមពីលើការធានារ៉ាប់រងរថយន្តទូទៅ។
Azri បានសង្កត់ធ្ងន់ថា ការផ្តល់ការណែនាំក្នុងការទិញធានារ៉ាប់រងគ្រោះធម្មជាតិបន្ថែមទៀត គឺមិនមែនសម្រាប់ប្រាក់ចំណេញទេ ហើយជាសំណាងល្អដែលអតិថិជនបានបង់ប្រាក់តែពីរបីដប់រីងហ្គីតបន្ថែមទៀតប៉ុណ្ណោះ។ នៅពេលអតិថិជនទិញធានារ៉ាប់រងបន្ថែម ពួកគេនឹងមានភាពសុខសាន្តក្នុងចិត្ត ទោះរថយន្តលង់ទឹកបែបនេះក៏នៅមានការធានាជួយជួសជុលផងដែរ បើមិនដូច្នេះទេ អ្នកប្រហែលជាត្រូវចំណាយប្រាក់ច្រើនទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង