ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក។
ការលើកឡើងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអនុញ្ញាតឲ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចធិបតី បានថ្លែងអរគុណដល់ក្រុមហ៊ុន មីនេបៀមីត្សូមី (Minebea) ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា។ សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។
លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Minebea ទាំងអស់ បានសម្តែង នូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា៕