ប្រពន្ធទី២របស់បុរសឈ្មោះ Che Abdul Karim អាយុ ៤១ ឆ្នាំ ដែលបង្ករលកកំហឹងយ៉ាងខ្លាំងក្លា ពីសំណាក់ជនជាតិម៉ាឡេស៊ីជាច្រើន និងជារឿងធំមួយនៅទំព័រកាសែតជាតិ និងអន្តរជាតិ ព្រោះតែរូបគាត់បានយកក្មេងស្រីឈ្មោះ Ayu អាយុ ១១ ឆ្នាំ ធ្វើជាប្រពន្ធទី៣ ថ្មីៗនេះ បានត្អូញត្អែរថា ប្តីរបស់នាងពុំបានផ្តល់ការផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គាត់ទៀតទេ ។
អ្នកស្រី Siti Noor Azilah បាននិយាយថា គាត់ត្បិតត្បៀតនឹងលុយរបស់គាត់ហើយ ព្រោះគាត់មិនបានផ្តល់ជំនួយហិរញ្ញវត្ថុដល់ពួកគេណាមួយទៀតទេ ។ កាសែត New York Times បានដកស្រង់សម្តីដោយ May Robertson ពី Malay Mail ឲ្យដឹងថា៖ «បច្ចុប្បន្ន អ្នកស្រីមានកូន៤នាក់ ជាមួយគាត់ ហើយម្នាក់ក្នុងចំណោមពួកគេ បានរងទទួលរងពីជំងឺ Spina Bifida (ជំងឺឆ្អឹងខ្នងពុំទទួលបានការអភិវឌ្ឍន៍ពេញលេញ)» ។
អ្នកស្រី Siti ដែលមានការងារជាអ្នកលក់នំប៉័ងដើម្បីលុយចិញ្ចឹមកូនៗ បាននិយាយថា៖ «គាត់បានត្បិតត្បៀតខ្លាំងណាស់ជាមួយពួកយើង ប៉ុន្តែ គាត់មានលុយគ្រប់គ្រាន់ ដើម្បីរៀបការជាមួយក្មេងស្រី Ayu ហើយថែមចំណាយលុយជាមួយដំណើរកម្សានយ៉ាងរីករាយទៀតផង» ។ អ្នកស្រីបន្ថែមថា៖ «ឪពុករបស់ពួកគេនេះពុំដែលយកចិត្តមើលថែពួកគេនោះទេ គាត់សូម្បីមិនចូលចិត្តក្មេងៗ ។ តែលើកលែងម្នាក់ គឺ Ayu» ។
ដោយសារតែបញ្ហានេះ នោះបរិយាកាសក្នុងគ្រួសារមានភាពតានតឹង ហេតុនេះ ប្រពន្ធទាំងដំបូងក៏បានបង្ខំឲ្យប្តីរបស់ពួកគេជ្រើសរើសរវាងពួកគេ និងកូនក្រមុំក្មេងថ្មីរបស់គាត់ ។
Siti និយាយថា៖ «ពួកយើងបាននិយាយជាមួយគាត់, វាជាពួកយើង ឬក៏ជាក្មេងស្រីនោះ ។ យើងបាននិយាយគ្នារួចហើយ អ្នកអាចជ្រើសរើសបាន ប៉ុន្តែ អ្នកមិនអាចមាន៣នាក់ក្នុងចំណោមពួកយើងបានទេ» ។
ទោះយ៉ាងណា ការឈឺចាប់របស់ពួកគេទាំងពីរ ពុំអាចយកមកប្រៀបធៀបជាមួយនឹងកូនស្រីអាយុ ១៤ ឆ្នាំ របស់ Abdul Karim ដែលក៏ជាមិត្តភក្តិជិតស្និទ្ធនឹង Ayu ផងដែរ ។ ឥឡូវនេះ នាងត្រូវហៅមិត្តភក្តិរបស់ខ្លួនជា «ម្តាយចុង» ។ Norazila ដែលបាននិយាយថា នាងពុំបានដឹងពីគម្រោងរបស់ Ayu រៀបការជាមួយឪពុករបស់នាង បាននិយាយថា៖ «មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ គឺជាម្តាយចុងរបស់ខ្ញុំហើយពេលនេះ» ។
ទន្ទឹមនេះផងដែរ Che Abdul Karim បានអះអាងថា អ្វីៗទាំងអស់ដែលគាត់ចង់បាន គឺត្រូវផ្តល់ជីវិតដ៏ល្អមួយដល់ Ayu និងត្រូវដើរចេញពីភាពក្រីក្រ ហើយថា ការរៀបការជាមួយនាង គឺជារឿងដ៏ថ្លៃថ្នូរដែលត្រូវធ្វើ ។
ជាមួយការគាំទ្រនឹងទង្វើរបស់គាត់ សង្ឃចាមនៅវិហារ Kuala Betis ឈ្មោះ Sayed Noordin និយាយថា Abdul Karim គឺជាអ្នកកាន់សាសនាអ៊ិស្លាមដ៏ល្អម្នាក់ ដែលបានចូលរួមក្នុងវិហារអ៊ិស្លាមជារៀងរាល់ថ្ងៃ ដើម្បីអធិស្ឋាន ។ លោកបានបន្ថែមថា ច្បាប់អ៊ិស្លាមអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍បែបនេះ ដរាបណាក្មេងស្រីនោះបានឈានដល់អាយុពេញវ័យ ហើយឪពុកម្តាយរបស់នាងបានយល់ព្រម ។
សង្ឃរូបនេះបន្តថា៖ «នៅក្នុងនីតិវិធីអ៊ិស្លាម ដរាបណាកូនក្រមុំយល់ព្រម ហើយឪពុកម្តាយរបស់នាងក៏យល់ព្រម ហើយក្មេងស្រីនោះមាន«រដូវ»ជាមនុស្សស្រីពេញវ័យ នោះបន្ទាប់មក អាពាហ៍ពិពាហ៍មួយអាចចាប់ផ្តើមបាន» ៕ ចន្ទី (worldofbuzz, thereporter.my)