Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​រីក​ចំ​ម្រើ​ន ប្រកបដោយ​និរន្តរភាព

ភ្នំពេញ ៖ ក្រសួង​ទេសចរណ៍ ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ដឹកនាំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​រីក​ចំ​ម្រើ​ន ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ និង​បរិយា​ប័ន្ន យ៉ាង​ទូលំទូលាយ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​-​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​កិច្ចសហការ​ចូលរួម​ក្នុងការ​​ជម្រុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​នឹង​បាន​ជា​ប្រយោជន៍​សម្រាប់​យើង​នា​ពេលបច្ចុប្បន្ន​ផង និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែលោ​ករដ្ឋ​មន្ត្រី ត្រូវបាន​តែងតាំង​ង​ជា​សមាជិក​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប​” ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគារ​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប និង​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប ពិសេស​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) ជា​ប្រធាន ដែល​កន្លងមក​បាន​ផ្តល់​រង្វាន់ ជូន​ព្រះរាជាណាចក្រ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក និង​បាន​ជ្រើសតាំង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ជា​សមាជិក​កិត្តិយស នៃ​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប កាលពី​​ឆ្នាំ​២០១៦ ហើយ​បាន​ជ្រើសតាំង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា “​ឯកអគ្គរដ្ឋទូត សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ​។

​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្តិភាព ពេញលេញ ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ​។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​សម្រេចបាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ផលិត​ផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស ម្នាក់​ក្នុង​មួយឆ្នាំ បាន​កើន​ដល់ ១៤៣៤ ដុល្លារ​អាមេរិក​។ សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​សុទិដ្ឋិនិយម​នេះ អាច​សម្រេច​ទៅ​បាន អាស្រ័យ​ក៏​ដោយសារ​មាន​ការចូលរួម ចំណែក​ពី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

វិស័យ​ទេសចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា មាស​បៃតង ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ព្រមទាំង​ដើរតួនាទី​យ៉ាង​សំខាន់​ជា​ការនាំចេញ​នៅនឹងកន្លែង និង​ចូលរួម​ទ្រទ្រង់​ដល់​ការធ្វើ​សមាហរណកម្ម​តំបន់​។ ជាក់ស្តែង​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​ចំនួន ៥,៦ លាន​នាក់ កើនឡើង ១១,៨% នាំ​ប្រាក់​ចំណូល​ប្រមាណ ៣.៦៣៨ លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃ​ផលិតផល​ក្នុង​សរុប (GDP) និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​។ ដោយឡែក ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០១៨ នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិ​ប្រមាណ ២,៦ លាន​នាក់ កើនឡើង ១៣,៥% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦,២​លាន​នាក់ នៅ​ឆ្នាំ​២០១៨ និង ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ នាំមក​នូវ​ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​ដោយផ្ទាល់​១​លាន​នាក់​។

នៅ​ឆ្នាំ​២០៣០ កម្ពុជា​អាច​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥​លាន​នាក់ ដោយ​នាំមក​នូវ​ចំណូល​សរុប ១០ ពាន់​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ ២​លាន​នាក់​។ ដោយឡែក​សម្រាប់​ទេសច​រណ៍​ក្នុងស្រុក កំណើន​ភ្ញៀវ​ទេសចរ​មាន​ការកើន​ឡើង ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ (៤%-៥%​ជា​មធ្យម​)​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៦ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង ១០,២ លាន​នាក់ កើន​ដល់ ១០,៨​លាន​នាក់ នៅ​ឆ្នាំ​២០១៧ និង​ជាង ១១​លាន​នាក់ នៅ​ឆ្នាំ​២០១៨ ហើយ​ជា​ចក្ខុវិស័យ​យើង​រំពឹងថា នឹង​មាន​ទេសចរ​​ក្នុងស្រុក​ប្រមាណ ១៩​លាន​នាក់ នៅ​ឆ្នាំ​២០២៥​។​

លទ្ធផល​ទាំងនេះ គឺ​ផ្តើមចេញ​ពី​នយោបាយ “​ឈ្នះ​-​ឈ្នះ​” របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញលេញ​បរិបូរណ៍ ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​ទឹកដី សន្តិសុខ និង​សុវត្ថិភាព​សង្គម​ពេញ​ផ្ទៃ​ប្រទេស ដែល​ជា​មូលដ្ឋាន​ចម្បង​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស​លើ​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ជា​ប្រធាន​គណបក្ស តាមរយៈ​ការ​បោះ​ឆ្នោត​​​គាំទ្រ​គណបក្ស ឲ្យទទួល​បាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ​​​នីតិកាល​​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ថ្មីៗ​នេះ ដែល​ការបោះឆ្នោត​នេះ​ទទួល បានការ​វាយតម្លៃ​ពី​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ប្រតិភូ​របស់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប និង​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ​អឺរ៉ុប (European Council on International Relations) ថា​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​មិន​អាច​កាត់ផ្តាច់​ចេញពី​ការបង្កើន​ភាព ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ប្រកបដោយ​គុណភាព​ទាំង​នៅ​កម្រិត​តំបន់ និង​សកលលោក ព្រម​ជាមួយ​នឹង​ការដឹកនាំ ផ្អែកលើ គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​។​

លើ​មូលដ្ឋាន​នៃ​កំណើន​នេះ ក៏​ទាមទារ​ឱ្យមាន​ការគិតគូរ និង​គ្រប់គ្រង​ដោយ​ហ្មត់ចត់​ពិសេស​ត្រូវ​មាន​ផែនការ​អភិវឌ្ឍ និង​គ្រប់គ្រង​ទេសចរណ៍​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ស្របពេល​ដែល​ពិភពលោក​ទាំងមូល បាន​នឹង​កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥត​ឈប់ឈរ ទាំង​លើ​មូលដ្ឋាន​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដូចជា​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកលលោក បញ្ហា​ភូមិសាស្ត្រ​-​នយោបាយ និង​បញ្ហា​គ្រោះធម្មជាតិ ជាដើម​។ ក្នុងន័យនេះ វិស័យ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជា​អន្តរ​វិស័យ​ក៏​អាច​ជះឥទ្ធិពល និង​ទទួល​រង​ឥ​ទិ្ធ​ពល​អាក្រក់​ពី​បញ្ហា​សាកល​ទាំងអស់នេះ​ផងដែរ​។​

​ផ្អែក​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កម្ពុជា​បាននិងកំពុង​បន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ផ្តល់​សេវា​ប្រកបដោយ​គុណភាព និង​ភាពកក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ និង​បរិយា​ប័ន្ន លើ​មូលដ្ឋាន​នៃ​អច្ឆរិយៈ​ភាព​ប្រាសាទ​អង្គរ ប្រាសាទ​ព្រះវិហារ សម្បត្តិ​បេតិកភណ្ឌ​ទាំង​រូបី និង​អរូបី សម្បត្តិ​ធនធានធម្មជាតិ ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត ជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាង​គេ​បំផុត​លើ​សកល​លោក សម្រស់​ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណី​រស់នៅ ប្រកប​ដោយ​ភាព​ញញឹម រួសរាយ​រាក់ទាក់​ពី​ធម្មជាតិ​របស់​ប្រជាជន​កម្ពុជា ស្រប​នឹង​ការ​ប្រសិទ្ធ​នាម “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​-​ផ្តល់​ភាព​កក់ក្តៅ​” (Cambodia: Kingdom of Wonder-Feel the Warmth)​។​

​នៅក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ​ក៏​ដូច​ជា​ការ​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ក្រសួង​ទេសចរណ៍​បាន​និង​កំពុង​បន្ត​ពង្រឹង​ការគ្រប់គ្រង និង អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់ ការបង្កើត​កញ្ចប់​ទស្ស​ន​កិច្ច​តម្លៃ​សមរម្យ រួមជាមួយ​នឹង​ការ​គៀរគរ​ឲ្យមាន ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ឲ្យ​កាន់តែ​សំបូរបែប ប្រកប​ដោយ​ភាព​ឆ្នៃប្រឌិត និង​នវានុវត្តន៍ ទាំង​នៅ កម្រិត​ថ្នាក់​ជាតិ​និយាយ​ជា​រួម និង​នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​អាទិភាព​។​

​នៅក្នុង​រយៈពេល ៥​ឆ្នាំ ចុងក្រោយ​នៃ​អាណត្តិ​ទី ៥ កន្លងទៅនេះ ក្រសួង​ទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ បាន​ខិតខំ​យ៉ាង​សកម្ម​បំពេញ​តួនាទី​ភារកិច្ច ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដឹកនាំ​អនុវត្ត​ចលនា​ប្រលងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋា​រ​កិច្ច​ល្អ​” ដើរតួ​ជា​ស្នូល​នៃ​ផែនការ​កំណែទម្រង់​វិស័យ​ទេសចរណ៍ ដោយ​ផ្តោត​លើ​មុំ ៤ ជា​អាទិភាព​៖ មុំ​ទី​១. ពង្រឹង​គុណភាព​ឧស្សា​ហ​កម្ម​​ទេសចរណ៍ “​សេវា​មួយ ស្តង់ដារ​មួយ​” តាមរយៈ​ការដាក់ចេញ និង​ការអនុវត្ត​ស្តង់ដារ​បៃតង​សម្រាប់​ផលិតផល និង​សេវា​ទេសចរណ៍ ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​អាស៊ាន​។ មុំ​ទី​២.​ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​តាម​គ្រប់​មធ្យោបាយ និង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ច្នៃប្រឌិត​។ មុំ​ទី​៣. ពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ “បុគ្គលិក​​ម្នាក់ ជំនាញ​មួយ​” ពិសេស​ការបណ្តុះបណ្តាល​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ស្របតាម​កម្មវិធី​អាស៊ាន​។ មុំ​ទី​៤.​ជម្រុញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​វិស័យ​ទេសចរណ៍​(E-tourism) រួមមាន​ការរៀបចំ​ឱ្យ​មាន​ការចុះបញ្ជី​អាជ្ញា​បណ្ណ​ទេសចរណ៍​​តាម​ប្រព័ន្ធ​Online និង​ប្រព័ន្ធ​គ្រប់គ្រង​មគ្គុទ្ទេសក៏​ទេសចរណ៍ Online ។​ល​។ ជា​ការពិត ការអនុវត្ត​ផែនការ​កំណែទម្រង់​មុំ​ទាំង ៤ ខាងលើនេះ គឺ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​លេចធ្លោ​សម្រាប់​ទីផ្សារ​ទេសចរណ៍​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូលរួម​លើក​ស្ទួយ ចលនា​ទេសចរណ៍​ក្នុងស្រុក យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត​ផង​។​

​លោក​ហោ ណាំហុង បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ បាន​រួម​ចំណែក​ដ៏​មាន​ប្រសិទ្ធភាព ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម​កម្ពុជា តាមរយៈ​ការបង្កើត​និង​បង្កើន​ឱកាស​ការងារ ការបង្កើន​ប្រាក់ចំណូល​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​នៅក្នុង​ពិភពលោក​។ លោក​បន្តថា កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជ​កម្ម​អឺរ៉ុប និង​ក្រសួង​ទេសចរណ៍​កម្ពុជា ត្រូវ​ពង្រឹង​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ដើម្បី​ធ្វើឲ្យ​កម្ពុជា ក្លាយទៅជា​គោលដៅ​ទេសចរណ៍ ដែល​ផ្តល់​ភាពកក់ក្តៅ ទាក់ទាញ និង​មាន​គុណភាព​លំដាប់​ពិភពលោក​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន តុ​ន កា​រ៉ា​ហ្គា បាន​គាំទ្រ​កម្ពុជា​ជានិច្ច និង​ចាត់​ទុក កម្ពុជា ជា​គំរូ​សម្រាប់​ពិភពលោក ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​មួយ ដែល​បាន​ធ្វើ​ការបែងចែក​ចំណូល​ប្រកបដោយ​សមធម៌ និង​បាន​ទទួលស្គាល់​កម្ពុជា​ថា​ជា​គោលដៅ​ទេស​ចរណ៍​​លំដាប់​ពិភពលោក​៕ ដោយ ​៖​ កូឡាប​