Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋប្រទះឃើញវត្ថុបុរាណ ព្រះពុទ្ធរូបពីរអង្គនៅស្រុកទ្រាំង ខេត្តតាកែវ ពេលកំពុងតែកាយដីស្រែ

ខេត្តតាកែវ ៖ រូបបដិមាករព្រះពុទ្ធ២អង្គ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅពេលពលរដ្ឋជួលគ្រឿងចក្រមកកាយយកអាចម៌ដីស្រែ ដើម្បីយកមកចាក់នៅផ្ទះ ។ ខណៈពេលកំពុងតែកាយយកអាចម៌ដីទើបតែបាន៣ឡាននោះ ស្រាប់តែគ្រឿងចក្រកាយប៉ះចំរូបបដិមាករ២ព្រះអង្គ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយនឹងស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានធ្វើការប្រគល់-ទទួលវត្ថុបុរាណចំនួន២អង្គ៖

១-ព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិ៖ កម្ពស់ ០.៨ម ព្រះភ្នែន ០.៦៧ម
២-ព្រះពុទ្ធរូបទ្រង់ឈរ៖ កម្ពស់ ១.៥ម៉ែត្រ ជើងទម្រ ០.៦៧ម
ធ្វើពីថ្មភក់ ប្រហែលស្ថិតក្នុងសតវត្សទី៦ ឬទី៧ ក្នុងរចនាបថភ្នំដា ដែលបានប្រទះឃើញដោយប្រជាពលរដ្ឋរស់នៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វត្ថុបុរាណទាំងនេះ ត្រូវបានបញ្ជូនទៅតម្កល់ និងថែរក្សានៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃជាតិ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្នោង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។ ហើយហេតុការណ៍នេះ ក៏បានដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះទៅកន្លែងកើតហេតុផងដែរ។

លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានប្រាប់សារពត៌មានឱ្យដឹងកាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញវត្ថុបុរាណចំនួន២ កាលពីថ្ងៃទី៣ ខែមករា ស្ថិតនៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវនោះ ក៏ត្រូវបានក្រុមការងារមន្ត្រីជំនាញមន្ទីរ សហការជាមួយក្រសួងវប្បធម៌ និងប្រធានសារៈមន្ទីររាជធានីភ្នំពេញ ចុះទៅពិនិត្យផ្ទាល់នៅនឹងកន្លែង។

ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានប្រាប់បន្តទៀតមកថា លុះដល់ចុះដល់កន្លែង ក៏រកឃើញវត្ថុបុរាណបដិមាករព្រះពុទ្ធ២ព្រះអង្គ ក្នុងនោះមួយអង្គទ្រង់ឈរ និងមួយព្រះអង្គទៀតទ្រង់សមាធិ។

តាមការពិនិត្យជាក់ស្តែងរបស់ប្រធានសារមន្ទីរជាតិ ហើយនឹងមន្ត្រីជំនាញ ក៏បានសន្និដ្ឋានថា «រូបបដិមាករទាំង២ព្រះអង្គខាងលើនេះ គឺជាវត្ថុបុរាណពិតប្រាកដមែន ហើយកសាងឡើងតាំងពីសតវត្សទី៧មកម្ល៉េះ»។

ក្រោយពីពិនិត្យរួចរាល់ ក្រុមការងារជំនាញ ហើយនឹងអាជ្ញាធរដែនដី ក៏បានអនុញ្ញាតជូនព្រះបដិមាករទាំង២ព្រះអង្គខាងលើ ទៅឱ្យខាងសារៈមន្ទីរជាតិរាជធានីភ្នំពេញ ដើម្បីយកទៅធ្វើការជួសជុល ហើយថែរក្សានៅរាជធានីភ្នំពេញ។ ហើយនៅថ្ងៃដដែលនេះផងដែរ ថ្នាក់ដឹកនាំក្រសួង កំពុងតែដឹកជញ្ជូនវត្ថុបុរាណទាំង២ព្រះអង្គ យកទៅថែរក្សានៅសារមន្ទីររាជធានីភ្នំពេញហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី