នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ ទំព័រ Facebook ថៃមួយ បានលាតត្រដាងរឿងរ៉ាវនៃការត្អូញត្អែរពីអតិថិជនម្នាក់ ដែលបានចេញមកប្រាប់ពីបទពិសោធដ៏គួរឲ្យស្លុតចិត្ត បន្ទាប់ពីបានប្រើថ្នាំធ្វើអោយសក់ត្រង់ម៉ាកជាក់លាក់មួយ ឬហៅថា សេរ៉ូមសិតត្រង់ ហើយក្រោយជ្រលក់បានតែ ១០ នាទី ស្រាប់តែមានអារម្មណ៍ឈឺចាប់ខ្លាំង មុននឹងរកឃើញថា សក់ដាច់ចេញទាំងដុំៗ ជាពិសេសនៅកណ្តាលក្បាលតែម្តង។ ហើយវាហាក់ជាមិនមែនករណីទើបតែកើតឡើងមួយគត់នេះទេ ដែលអតិថិជនទិញថ្នាំម៉ាកនេះយកទៅប្រើប្រាស់ ហើយសក់របស់ពួកគេជ្រុះយ៉ាងខ្លាំងបែបនេះ។
ម្ចាស់ការបង្ហោះនោះបានបញ្ជាក់ថា «ពេលខ្ញុំទុកវាចោលប្រហែល ១៥ នាទី ខ្ញុំមានអារម្មណ៍ក្រហាយស្បែកក្បាល។ ខ្ញុំមើលទៅហើយមានអារម្មណ៍ថាសក់ខ្ញុំត្រូវដាច់ ដូច្នេះខ្ញុំក៏ប្រញាប់ទៅលាងវា ហើយក៏ដូចអ្នកឃើញ (សក់ជ្រុះរហូតអស់ពីស្បែកក្បាល)។ ពេលនេះរោគសញ្ញាគឺក្តៅក្រហាយក្នុងស្បែកក្បាល មានការបាត់បង់ឈាម ហើយស្បែកក្បាលក៏តឹងទៀត»។
អតិថិជនរងគ្រោះនោះ បានបញ្ជាក់ថា ក្រោយពេលបញ្ហាដ៏ធ្ងន់ធ្ងរនេះបានកើតឡើង នាងបានប្រញាប់ទាក់ទងទៅអ្នកលក់ ប៉ុន្តែ គេបានប្រាប់ថា មិនទទួលខុសត្រូវទេ។ បើមានការទទួលខុសត្រូវ នោះគ្រាន់តែយកផលិតផលត្រឡប់មកវិញ ហើយសងតម្លៃប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយរឿងនេះត្រូវបានលាតត្រដាង មានមនុស្សជាច្រើនបានបញ្ចេញមតិថាបានជួបរឿងដូចគ្នា។ មតិអ្នកលេងអ៊ីនធឺណិតបានសម្ដែងការអាណិតដល់ម្ចាស់រឿងជាខ្លាំង។ ខណៈមនុស្សមួយចំនួនចាត់ទុកថា នេះរឿងដែលគួរឱ្យខ្លាចខ្លាំងណាស់។ តែទោះជាយ៉ាងណា អ្នកខ្លះបានណែនាំថា បើអ្នកចង់តម្រង់សក់ធ្វើដោយខ្លួនឯង អ្នកមិនគួរលាបសូលុយស្យុងជិតឫសសក់ពេកទេ ដើម្បីកុំថ្នាំចូលស្បែកក្បាល។ ហើយវាជាការល្អបំផុត ក្នុងការធ្វើវាជាមួយហាងដែលមានបទពិសោធន៍ វាមានសុវត្ថិភាពជាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង