នេះជាករណីដ៏កម្រមួយ ដែលធ្វើឲ្យមនុស្សជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលយន្តហោះ Boeing 737 Max 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ដែលមានអ្នកដំណើរ ១៧៧ នាក់ ត្រូវចុះចតជាបន្ទាន់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីផ្នែកខ្លះនៃបង្អួច និងផ្ទាំងទ្វារ បានផ្ទុះនៅកណ្តាលអាកាស។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយបានបង្ហាញពីអ្នកដំណើរនៅលើយន្តហោះ អង្គុយយ៉ាងស្ងប់ស្ងាត់នៅក្នុងកៅអីរបស់ពួកគេ បន្ទាប់ពីផ្នែកខ្លះនៃទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះបានធ្លាក់ចេញ ពីកណ្តាលអាកាស ខណៈយន្តហោះបានកំពុងហោះក្នុងរយៈកម្ពស់ ១៦.០០០ ហ្វីត (ជិត ៥ គីឡូម៉ែត្រ) នៅពេលនោះ ដែលជាហេតុធ្វើឲ្យអ្នកបើកយន្តហោះត្រូវហោះត្រឡប់ទៅអាកាសយានដ្ឋាន Portland វិញ មុនពេលយន្តហោះចុះចតដោយសុវត្ថិភាព និងពុំមានសេចក្តីរាយការណ៍ពីអ្នករងរបួសធ្ងន់ធ្ងរពីឧបទ្ទវហេតុនេះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ ដើម្បីរកមូលហេតុ និងរួមទាំងការបញ្ជាឱ្យផ្អាកការប្រើប្រាស់យន្តហោះ Boeing 737 Max 9 ជាង ១៧០ គ្រឿង ជាបណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យស្តង់ដារសុវត្ថិភាព ដោយក្រុមហ៊ុន United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះបែបនេះច្រើនជាងគេនៅសហរដ្ឋអាមេរិក។ ជើងហោះហើរជាង ៤៧០ ត្រូវបានលុបចោលបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយចាប់ផ្តើមត្រួតពិនិត្យយន្តហោះ។ លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា យន្តហោះ Boeing 737 Max 9 របស់ក្រុមហ៊ុនអាកាសចរណ៍នេះមួយចំនួន មានទ្វាររលុង។
ក្រោយមកមានសេចក្តីរាយការណ៍មកថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះធ្លាក់ ត្រូវបានរកឃើញនៅផ្ទះអ្នកស្រុកមួយស្ថិតក្នុងទីក្រុង Portland ហើយផ្នែកខ្លះនៃទ្វារនោះស្ថិតក្នុងស្ថានភាពល្អ មិនខូចខាតនោះទេ។ មន្ត្រីបានបញ្ជារឲ្យក្រុមការងារជំនាញបច្ចេកទេស ធ្វើការពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។
ក្រៅពីផ្នែកខ្លះនៃទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះ ដែលបានធ្លាក់ចេញពីកណ្តាលអាកាស ទូរស័ព្ទដៃ iPhone ១គ្រឿង ក៏ត្រូវបានរកឃើញផងដែរ ដែលធ្លាក់ពីលើយន្តហោះនោះ នៅកម្ពស់ 16,000 ហ្វីត ហើយនៅតែនៅដដែល និងត្រៀមប្រើប្រាស់ដោយគ្មានស្នាមប្រេះស្ទើរមិនគួរឲ្យជឿ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង