ខេត្តព្រះវិហារ ៖ ស្ថានភាពទឹកទន្លេល្ពៅ និងទន្លេមេគង្គលើ ដែលធ្លាក់មកពីប្រទេសឡាវ និងថៃ បានជន់ឡើងខ្លាំងបានបង្កផលបះពាល់ដោយទឹកជំនន់នេះ លើឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ករណីនេះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារដែលអមដំណើរដោយលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរស្រុកឆែប និងអង្គភាព មន្ទីរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់។
ពាក់ព័ន្ធការចុះទៅឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ របស់លោកអភិបាលខេត្តនាពេលនេះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា៖ គឺទៅមើលស្ថានភាពជាក់ស្ដែងជាមុន ដើម្បីត្រៀមលក្ខណៈពេលទឹកលើងខ្លាំង និងរកចំណុចទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋទៅនៅបណ្ដោះអាសន្ន។
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយច្រាំងទន្លេមេគង្គលើ និងទន្លេរល្ពៅ ឲ្យយកស្មារតីប្រុងប្រយ័ត្ន នូវជំនន់ទឹកភ្លៀងដែលកំពុង ឡើងខ្លាំងនេះ ព្រមទាំងឲ្យអាជ្ញាធរស្រុកឆែប ក្រើនរំលឹកដល់ប្រជាពលរដ្ឋយើង និងត្រូវត្រៀមគ្រប់មធ្យោបាយនានាក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។
ស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងទន្លេល្ពៅ កំពុងកើនឡើងខ្ពស់ដោយសារកម្រិតទឹកភ្លៀង នៅតំបន់អាងទន្លេមេគង្គ ក្នុងប្រទេសថៃនិងឡាវ ដល់កម្រិតត្រៀមបង្ការ សង្គ្រោះ និងបន្តកើនឡើងជាបន្តបន្ទាន់ នៅថ្ងៃខាងមុខទៀត នាំឲ្យមានការលិចលង់តំបន់មួយចំនួនតាមបណ្តោយព្រំដែនព្រះវិហារ ចម្ប៉ាសាក់ ។
អាជ្ញាធរស្រុក ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ ក្រើនរំលឹកទៅអាជ្ញាធរឃុំ សហគមន៍របស់ខ្លួន ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងប្រឹងប្រែងអស់លទ្ធភាពសហការ និងត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋ សត្វចិញ្ចឹម សម្ភារៈប្រើប្រាស់ដែលនឹងអាចរងការលិចលង់ ទៅកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា ជាពិសេសត្រូវមានមន្ត្រីប្រចាំការរបស់ខ្លួន ដើម្បីប្រមូលព័ត៌មាន សម្របសម្រួលទំនាក់ទំនង និងរាយការណ៍មកលេខាធិការដ្ឋាន គ្រប់គ្រប់គ្រោះថ្នាក់មហន្តរាយខេត្ត រដ្ឋបាលខេត្ត ឲ្យបានទាន់ពេលវេលា។
ចំណែកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខណៈទឹកទន្លេមេគង្គកំពុងមានការកើនឡើងជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត រៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ២ គ្រឿង នៅចំណុចស្ពានគីហ្សូណា ដើម្បីត្រៀមបូមរំដោះទឹកបញ្ជៀសការលិចលង់ក្រុងកំពង់ចាម ។ គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែសីហា នេះ ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម បានបន្តកើនឡើងដល់កម្ពស់ ១៤,៨៩ ម៉ែត្រ ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) ។
នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ២ គ្រឿង បន្ថែមទៀត កំពុងត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រៀបចំដំឡើង ដើម្បីជួយអន្តរាគមន៍ បូមរំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង ។
មកដល់ពេលនេះ ការអន្តរាគមន៍បូមទឹកភ្លៀង ចេញពីក្រុងស្ទឹងត្រែង គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម សរុប ចំនួន ៣ គ្រឿងនៅលើ ៣ ទីតាំងផ្សេងៗគ្នា ក្នុងនោះ ៖ ទីតាំងទី ១ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ។ ទីតាំងទី ២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង ។ ទីតាំងទី ៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ។
សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែង ពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួន ក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ។ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ស្រុកសេសាន មួយចំនួនបន្ថែមទៀត នាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នេះ ។ សូមជម្រាបជូនថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣១ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៩៣ ម៉ែត្រ ខណៈកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រ ប៉ុណ្ណោះ ។ ឯទឹកទន្លេមេគង្គ ជន់ឡើងលិចចូលភូមិឋានប្រជាពលរដ្ឋនៅតំបន់ទំនាបតាមដងទន្លេ ក្នុងខេត្តក្រចេះ ។
សូមបញ្ជាក់ជូនថា មកដល់ម៉ោង ៥ ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៦១ ម៉ែត្រ ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម៉ែត្រ) ។
ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ២ គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ រៀបចំដំឡើងរួច និងកំពុងដំណើរការបូមរំដោះជំនន់ទឹកភ្លៀង ចេញពីដីស្រែកសិករក្នុងស្រុកមង្គលបូរី។
គួររំលឹកជូនថា ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សារបស់កសិករជាង ២ ពាន់ហិកតា រងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ ជាដំណោះស្រាយចំពោះមុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអន្តរាគមន៍បើកទ្វារទឹកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រពាក់ព័ន្ធមួយចំនួន ដើម្បីជួយសម្រួលដល់ការដោះទឹកជំនន់ចេញពីក្នុងស្រែ ។ ជាមួយគ្នានេះ មន្ទីរក៏កំពុងរៀបចំដំឡើងម៉ាស៊ីនបូមទឺកចល័តខ្នាតមធ្យម ចំនួន២ គ្រឿង ដើម្បីជួយដល់ការងារអន្តរាគមន៍ខាងលើនេះផងដែរ ធ្វើយ៉ាងណាធានានូវការប្រមូលផលរបស់កសិករបានទាន់ពេលវេលា ។
ស្ថានភាពកម្ពស់ទឹកទន្លេ នៅថ្ងៃទី ៣១ ខែកក្កដា គឺទន្លេមេគង្គ ស្ទឹងត្រែង ១០,៩៣ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ត្រឹមតែ១០,៧០ម៉ែត្រប៉ុណ្ណោះ ទន្លេមេគង្គក្រចេះ ២១,៦១ម៉ែត្រ ទន្លេមេគង្គកំពង់ចាម ១៤,៧០ម៉ែត្រ ទន្លេបាសាក់ចតុមុខ ៨,៨១ម៉ែត្រ ទន្លេមេគង្គអ្នកលឿង ៦,៤៤ម៉ែត្រ ទន្លេបាសាក់កោះខែល ៧,៤០ម៉ែត្រ និងទន្លេសាបព្រែក្តាម ៧,១៥ម៉ែត្រ ៕ ដោយ ៖ កូឡាប