វត្ត Khao Tham Tao Ban Huai Sai ស្ថិតនៅឃុំ Ban Mai ស្រុក Khon Buri ខេត្ត Nakhon Ratchasima គឺជាកន្លែងទេសចរណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃ ដែលមានភ្ញៀវទេសចរមកទស្សនាភាពស្រស់ស្អាត និងភាពអស្ចារ្យ ដូចជាថ្មធំៗជាដើម ក្នុងនោះជាពិសេសថ្មយក្សហិមាមួយ ដែលមានរូបរាងដ៏មិនធម្មតាមើលទៅស្រដៀងនឹងអណ្តើកយក្ស ខណៈផ្ទៃខាងលើរបស់វាមានរូបរាងជាក្រឡាស្នូកអណ្តើកអ៊ីចឹង។ វាមានទម្ងន់រាប់រយតោន ស្ថិតនៅទីដ៏ខ្ពស់ឆ្លងកាត់កំដៅ និងត្រជាក់រាប់រយឆ្នាំមកហើយ។
កាន់តែពិសេសទៅទៀតនោះ គឺនៅក្រោមថ្មនេះក៏មានរូងភ្នំតូចមួយលាក់ទុកផងដែរ។ ហេតុនេះហើយបានជាអ្នកភូមិហៅកន្លែងនេះថា Khao Tham Tao។ ក្រោយមក វត្តមួយនេះត្រូវបានបង្កើតឡើង និងដាក់ឈ្មោះតាមកន្លែងនេះថាវត្ត Khao Tham Tao តែម្តងទៅ។
តែដោយសារតែលក្ខណៈពិសេស និងភាពអស្ចារ្យមិនបញ្ចប់នៅទីនោះ ជាហេតុធ្វើឲ្យមនុស្សមានការរុករកតំបន់ជុំវិញកន្លែងនេះ ហើយបានរកឃើញនៅវាលថ្មមួយ មានរណ្តៅជម្រៅប្រហែល១ហ្វីត មានស្លាកស្នាមស្រដៀងនឹងជើងមនុស្សយ៉ាងធំ ប្រវែងជាង២ម៉ែត្រ បោះត្រាលើវាលថ្ម ដែលធ្វើឲ្យអ្នកខ្លះបានឃើញហើយមានជំនឿថាអាចជាស្នាមជើងរបស់ព្រះសម្មាសម្ពុទ្ធ។
អ្នកស្រី Kanchaporn Choengkratok មេភូមិ Huai Sai បាននិយាយថា ស្លាកស្នាមស្រដៀងនឹងបាតជើងមនុស្សនៅលើដីឥដ្ឋនេះ ត្រូវបានអ្នកចាស់សម័យបុរាណ បានប្រទះឃើញជាច្រើនទសវត្សរ៍មកហើយ។ វាក៏ត្រូវបានគេប្រើសម្រាប់ផឹកទឹក និងចិញ្ចឹមគោ កាលពីអតីតកាលផងដែរ។ ប៉ុន្តែវានៅតែមិនត្រូវបានគេដឹងច្បាស់ពីអាថ៌កំបាំងនៃស្នាមជើងយក្សនេះរហូតមកដល់ពេលនេះ។ ក្រោយមក ក៏មានមនុស្សមួយក្រុមមកពីខេត្ត Uthai Thani ដែលបានអះអាងថា បានយល់សប្តិឃើញមានស្នាមជើងរបស់ព្រះសម្មាសម្ពុទ្ធនៅតំបន់នេះ ហើយពួកគេក៏បានធ្វើដំណើរតាមសុបិន ដើម្បីឃើញផ្ទាល់ភ្នែក និងគោរពបូជា ព្រោះជឿថា ជាស្នាមជើងរបស់ព្រះពុទ្ធតែម្តង។
មនុស្សខ្លះ បានមកសុំលាភសំណាងក៏បានសម្រេច។ អ្នកខ្លះឈ្នះឆ្នោតរដ្ឋាភិបាល រហូតដល់មានក្រុមមួយមកធ្វើការគោរពបូជារាល់ឆ្នាំ នៅអំឡិងខែមីនា និងមេសា៕ រក្សាសិទិ្ធដោយ៖ លឹម ហុង