នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គេហទំព័រ HK01 បានរាយការណ៍ថា នារីជនជាតិជប៉ុនម្នាក់ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត នៅពេលដែលនាងបង្ហោះរូបភាពនៃការផ្លាស់ប្តូររូបរាងរបស់នាងដ៏អស្ចារ្យ ដោយបានប្រៀបធៀបរូបភាពមុន និងក្រោយ នៃការសម្រកទម្ងន់ ដែលរហូតធ្វើឲ្យនាងហ៊ានភ្នាល់ថា បើនាងត្រឡប់ទៅជួបមិត្តភ័ក្តិវិញនោះ ប្រាកដជាគ្មាននរណាស្គាល់នាងនោះទេ។
នារីវ័យក្មេងនេះឈ្មោះ Nakamura Tamari ដែលទើបតែរៀនចប់វិទ្យាល័យកាលពី៤ឆ្នាំមុន នាងជាក្មេងស្រីគួរឱ្យស្រលាញ់មួយរូប មានមុខមូល និងថ្ពាល់ឡើងទ្រលក់ទ្រលន់ ពេលនៅរៀន។ ប៉ុន្តែនៅពេលដែលនាងចាប់ផ្តើមស្រកទម្ងន់យ៉ាងខ្លាំង រូបរាងរបស់នាងក៏បានផ្លាស់ប្តូរស្ទើរមិនគួរឲ្យជឿ។ ដូចដែលអាចមើលឃើញពីរូបភាពពីពិធីចូលវ័យកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ Tamari ជាស្រីស្អាតមានរាងដ៏ស្លីម។
ជាមួយគ្នានេះ នាងក៏បានបង្ហោះបែបលេងសើចថា «ខ្ញុំស្រកទម្ងន់ ខ្ញុំត្រូវទៅជួបមិត្តភក្តិកាលពីឆ្នាំមុន ព្រោះខ្ញុំបានភ្នាល់ថាគ្មានអ្នកណាចាំខ្ញុំបានទេ»។
កន្លងមក Tamari តែងតែចែករំលែករូបថតនៃការធ្វើដំណើរសម្រកទម្ងន់របស់នាងតាមរយៈ Instagram និង X ហើយថ្មីៗនេះ នាងបានចែករំលែករូបថតប្រៀបធៀប «មុន និងក្រោយ» ការសម្រកទម្ងន់ កាលពីប៉ុន្មានថ្ងៃមុន។ រូបភាពនៅថ្ងៃឈានចូលវ័យ នាងបានស្លៀកគីម៉ូណូពណ៌ផ្កាឈូក ជាមួយការធ្វើសក់យ៉ាងប្លែក ជួយបង្កើនរូបសម្រស់កាន់តែស្រស់ខ្លាំង ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតចូល Like និង Share រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្សម្នាសប្បាយចិត្តចំពោះជោគជ័យរបស់យុវនារីរូបនេះក្នុងការសម្រកទម្ងន់ ដោយពួកគេបានចូលបញ្ចេញមតិសរសើរថា៖ «អ្នកបានផ្លាស់ប្តូរច្រើន, អ្នកស្អាតណាស់, ធ្វើបានល្អ សូមអបអរសាទរ, អ្នកនឹងកាន់តែស្រស់ស្អាត, វាច្បាស់ណាស់ថា អ្នកបានព្យាយាមច្រើន, ពីមុនស្អាតហើយ ឥឡូវនាងនៅតែ Cute, នេះច្បាស់ជាមនុស្សផ្សេងគ្នា ប្រសិនបើអ្នកទៅជួបជុំគ្នាក្នុងថ្នាក់ អ្នកទាំងអស់គ្នានឹងភ្ញាក់ផ្អើល»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង