បុរសចំណាស់ជនជាតិប៊ុលការីម្នាក់ បានធ្វើការបំបែកកំណត់ត្រាពិភពលោក (Guinness World Record) កាលពីពេលថ្មីៗនេះ បន្ទាប់ពីគាត់បានធ្វើការហែលទឹក ដោយខ្លួនរបស់គាត់ត្រូវច្រក ក្នុងបាវ ខណៈដែលដៃ និងជើងត្រូវចងជាប់។
បុរសចំណាស់ម្នាក់នោះមានឈ្មោះថា Yane Petkov អាយុ ៦៤ឆ្នាំ ហើយគាត់គឺជាគ្រូបង្ហាត់ហែលទឹកជាអង្គរក្ស និងជាអ្នកផ្សងព្រេង។
លោក Yane Petkov បានហែលទឹកចំងាយ ៣.៣៨០ម៉ែត្រ នៅក្នុងទន្លេ Ohrid (ប្រទេសម៉ាសេដូនា) ដែលការហែលយ៉ាងឆ្ងាយនេះ បានធ្វើឲ្យគាត់បំបែកកំណត់ត្រា របស់អ្នកនេសាទ ជនជាតិឥណ្ឌាម្នាក់ឈ្មោះ Gopal Kharvi ដែលបានកាន់កំណត់ត្រាពិភពលោកក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានធ្វើការហែលទឹកនៅក្នុងមហាសមុទ្រឥណ្ឌាចំងាយ ៣.០៧១ ម៉ែត្រ ប៉ុន្តែមិនហែលក្នុង បាវទេ។
សូមបញ្ជាក់ថា លោក Yane Petkov បានបំបែកកំណត់ត្រាពិភពលោកម្តងរួចមកហើយ ក្នុងឆ្នាំ២០១៣ ដោយហែលបានចំងាយ ២.០៣០ម៉ែត្រ ប៉ុន្តែគាត់បានកាន់កំណត់ត្រាំនោះត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ ដោយសារតែបុរសឥណ្ឌាខាងលើបានបំបែក។
គាត់បានចំណាយពេលជិត ៣ម៉ោងដើម្បីហែលតាមផ្លូវ មុនពេលគាត់ដល់ឆ្នេរ Ohird ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាព៕ សុភ័ក្ត្រ
ប្រភព៖ MSN