ព្រះសង្ឃថៃមួយអង្គ បានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ថ្លៃថ្លាដែលមិនអាចមើលនឹងភ្នែក ដោយព្រះសង្ឃអង្គនោះ បានប្រញាប់ប្រញាល់ជួយសង្គ្រោះបឋមដល់បុរសវ័យក្មេងម្នាក់ និងស្រ្តីម្នាក់ ដែលបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅនៅម្តុំ Soi Ying Charoen តាមបណ្តោយផ្លូវ Khlong Si Wata Klom ក្នុងភូមិលេខ៨ ឃុំ Nadi ស្រុក Muang ខេត្ត Samut Sakhon។
ក្រោយហតុការណ៍នេះកើតឡើង ព្រះសង្ឃអង្គនោះដែលមានព្រះនាម Mai បានមានសង្ឃដីកាថា នៅព្រឹកប្រហែលម៉ោង ៦ និង៤០នាទី ខណៈគាត់កំពុងនិមន្តបិណ្ឌបាត ស្រាប់តែឃើញគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។ ពេលនោះ គាត់ឃើញថាមានមនុស្សម្នាមកចោមរោមអ្នករបួស។ ដូច្នេះ គាត់បាននិមន្តត្រឡប់មកវិញ ហើយក៏ឃើញថាមានគ្រោះថ្នាក់រវាងរថយន្តនិងម៉ូតូ។ មនុស្សពីរនាក់បានដេកស្តូកស្តឹងនៅនឹងកន្លែង ក្បែរចិញ្ចើមផ្លូវ ដែលជាស្ត្រីវ័យកណ្តាលម្នាក់ និងក្មេងប្រុសម្នាក់។
ព្រះសង្ឃចិត្តល្អអង្គនេះ ក៏បានឲ្យដឹងផងដែរថា «ពេលអាត្មាទៅជិតអ្នកភូមិ ពួកគេនិយាយថា កុំប៉ះ កុំប៉ះ! ហៅឡានពេទ្យមកហើយ។ ប៉ុន្តែ អាត្មាប្រាប់ពួកគេទៅវិញថា មិនអីទេ រថយន្តសង្គ្រោះមិនទាន់មកដល់ទេ។ អាត្មាសុំទៅជួបអ្នករងរបួស ដើម្បីវាយតម្លៃពីស្ថានភាពជាមុនសិន ព្រោះកាលនៅមិនទាន់បួស អាត្មាធ្លាប់ធ្វើជាអ្នកជួយសង្គ្រោះដោយស្ម័គ្រចិត្ត នៅមូលនិធិ Ramkatanyu អាចជួយអ្នករបួស និងវាយតម្លៃអ្នករបួសបាន ហើយរកឃើញថា ស្ថានភាពរបស់យុវជនម្នាក់មានរបួសស្រាល មិនមានអ្វីគួរឲ្យបារម្ភឡើយ ប៉ុន្តែស្ត្រីម្នាក់ស្ថិតស្ថានភាពធ្ងន់ធ្ងរ ដោយបាក់ឆ្អឹងនៅជង្គង់ស្តាំ និងកជើង។
ព្រះសង្ឃខាងលើបន្តថា «នៅពេលនោះ ដំបូង អាត្មាក៏មានអារម្មណ៍ស្ទាក់ស្ទើរចំពោះភាពមិនសមរម្យនៃការប៉ះស្ត្រីរងរបួស ប៉ុន្តែអាត្មាបានសម្រេចចិត្ត ព្រោះគិតថាជីវិតរបស់មនុស្សគឺសំខាន់ណាស់។ ដូច្នេះ អាត្មាបានទៅជួយដោយមិនស្ទាក់ស្ទើរ។ បន្ទាប់ពីបានជួយសង្គ្រោះបឋមចហើយ អាត្មាក៏បានដើរត្រឡប់ទៅបិណ្ឌបាតពីញាតិញោមដែលរង់ចាំការប្រគេនបច្ច័យ និងអាហារ មុនពេលអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះ មកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យសាមុតសាខុន។
ព្រះអង្ឃក៏បានផ្តាំផ្ញើជាសារយ៉ាងដូច្នេះថា យើងត្រូវតែមានទឹកចិត្ត ជួយសង្គ្រោះបឋម មិនថាអ្នករបួសស្ថិតក្នុងស្ថានភាពណាក៏ដោយ ព្រោះជីវិតមនុស្សយើង គឺសំខាន់ជាងអ្វីៗទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង