ថ្មីៗនេះ មានរឿងដ៏កម្រមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពក្មេងប្រុសម្នាក់ បាននាំត្រីដ៏ធំមួយក្បាលចងជាប់នឹងជើង ទៅកាន់មន្ទីរពេទ្យ ដែលធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ថា មិនដឹងជាមានរឿងអ្វីកើតឡើងទៅលើក្មេងរូបនោះទេ។
តែយ៉ាងណាមិញ បើតាមទំព័រហ្វេសប៊ុកសហគមន៍ព័ត៌មានខេត្ត ខនកែន បានបង្ហោះរូបភាពនិងសរសេររៀបរាប់គួរឲ្យភ្ញាក់ផ្អើលថា៖ «មានរឿងដ៏ចម្លែកបំផុតមួយ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមួយក្នុងខេត្តខនកែន ខណៈដែលក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនឹងត្រីដ៏ធំមួយក្បាលស្ទើរតែប៉ុនជើងក្មេងប្រុសនោះ បន្ទាប់ពីគាត់បានទៅស្ទូចត្រីជាមួយមិត្តភក្តិ ហើយខំទាញខ្លាំងពេក រហូតដល់ផ្លែសន្ទួចជាប់នឹងជើងខ្លួនឯងតែម្តង»។
ផេកខាងលើក៏បានសរសេរបន្តថា៖ «ដំបូង គ្រូពេទ្យបានធ្វើការវះកាត់ដោះត្រីនោះចេញ និងបន្ទាប់មក វះកាត់ដោះផ្លែសន្ទួចដែលជាប់នៅជើងរបស់ក្មេងប្រុសយ៉ាងងាយស្រួល។ ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ ក្មេងប្រុសរូបនោះបានប្រាប់គ្រូពេទ្យថា «លោកវេជ្ជបណ្ឌិត សូមឲ្យត្រីមកខ្ញុំវិញមក ខ្ញុំនឹងយកវាទៅញ៉ាំ ជាមួយគ្រួសារសម្រាប់អាហារពេលល្ងាច»។ តែទោះជាយ៉ាងណា ត្រូវបានដឹងថា ត្រីនោះត្រូវបានបោះចោលតាមផ្លូវ ខណៈក្មេងប្រុសវិលត្រឡប់មកផ្ទះវិញ។
តាមការសាកសួរ ក្មេងប្រុសរូបនោះដែលមានឈ្មោះ ណង ហ្វុន អាយុ ១១ ឆ្នាំ បានប្រាប់ពីហេតុការណ៍នេះឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីសាលារៀនវិញ រូបគេបានសុំលោកយាយរបស់គេ ទៅស្ទួចត្រីជាមួយមិត្តភក្តិ។ នៅពេលនោះ រូបគេក៏ស្ទួចបានត្រីធំមួយក្បាល ប៉ុន្តែ បន្ទាប់ពីព្យាយាមលើកយកមកដោះ ត្រីដ៏ធំនោះក៏ស្រាប់តែរើបម្រាស់យ៉ាងខ្លាំង ហើយក៏បានប៉ះទង្គិចបណ្តាលឲ្យផ្លែសន្ទួចជាប់នឹងជើងរបស់រូបគេតែម្តង។ ភ្លាមៗនោះ រូបគេក៏បានឲ្យមិត្តភក្តិជួយដោះផងដែរ ប៉ុន្តែ មិនអាចធ្វើទៅបាននោះទេ។
ដោយឡែក ទាក់ទងរឿងលេចឮតាមបណ្តាញសង្គមថា ចៅប្រុសរបស់ខ្លួន សុំពេទ្យយកត្រីមកផ្ទះហូប លោកយាយ ណា ទ្រី អាយុ ៥៨ ឆ្នាំ ដែលជាជីដូន បានប្រាប់ឲ្យដឹងថា នៅពេលឮបែបនេះ គាត់ក៏បានទូរស័ព្ទសួរទៅចៅថា៖ « តើចៅយកត្រីមកទេ? ណង ហ្វុន ក៏បានប្រាប់ថា រូបគេមិនបានយកមកទេ គឺបានបោះចូលក្នុងព្រៃរួចហើយ។ ចំណែករបួសវិញមិនមែនជារឿងធំនោះទេ។ មិនជ្រៅ ហើយក៏មិនឈឺចាប់ដែរ»។
ចំណែក ណង ហ្វុន វិញបាននិយាយថា វាមិនឈឺដូចការវះកាត់ខ្នែងពោះវៀននោះទេ ហើយថ្ងៃនេះខ្ញុំបានទៅសាលារៀនដូចធម្មតា។ យាយហាមខ្ញុំមិនចង់ឲ្យខ្ញុំទៅស្ទួចត្រីទៀត ប៉ុន្តែ ខ្ញុំប្រាប់គាត់ថា ពេលរបួសជាសះ រូបគេនឹងទៅដូចធម្មតា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង