ស្ទឹងត្រែង ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធជាប្រធាន បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុទ្ខ និងនាំ យកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៥០០គ្រួសារ មកពីភូមិចំនួន ៣ នៃឃុំស្រែសំបូរ និងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ ។
ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបានគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកខ្វះ ខាតគ្រប់ប្រភេទ។ បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវប្រុងប្រយ័ត្នសត្វអាសិរ្ពិសពេលចូលក្នុងផ្ទះ ជាពិសេសសូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អចៀសវាងគ្រោះថ្នាក់ ដោយយថា ហេតុណាមួយកើតឡើង ក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ៕ ដោយ ៖ បញ្ញាស័ក្តិ