នេះជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលគេបានដឹងថា បុរសម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានដាក់មេប្រូចបើកឡានរត់ពីកន្លែងជាងជួសជុលរថយន្តទាំងបង្ខំ ដោយសារតែពុំមានលុយគ្រប់គ្រាន់ បន្ទាប់ពីប្តូរកង់ថ្មីរថយន្តរួច។
នៅក្នុងវីដេអូដែលត្រូវបានចែករំលែកនៅលើ Facebook យើងអាចមើលឃើញរថយន្ត Proton Wira ពណ៌ខ្មៅមួយគ្រឿង បានចតនៅផ្លូវម្ខាងនៃកន្លែងហាងជួសជុលរថយន្តមួយកន្លែង ខណៈមានបុរស២នាក់ ដែលត្រូវបានដឹងថាជាជាងឡាន កំពុងឈរនៅក្រោយឡាន ខណៈបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូច កាន់ដងដូយ ដែលកំពុងដាក់នៅខាងក្រោមកង់រថយន្ត។
ប៉ុន្តែ អ្វីដែលគួរឲ្យញាក់សាច់នោះ គឺខណៈពេលនោះ បុរសម្ចាស់រថយន្តស្រាប់តែបានជាន់ហ្គា រួចរោទិ៍ម៉ាស៊ីនបង្កើនល្បឿនភ្លាមៗ បណ្តាលឲ្យរថយន្តអូសនាំទាំងឧបករណ៍ «ដូយ» ទៅជាប់ជាមួយ ហើយមានផ្សែងចេញពីការកកិតរវាងសំបកកង់ និងផ្លូវឡើងហុយទ្រលោមតែម្តង។ មួយសន្ទុះក្រោយមក រថយន្តក៏បានបើករត់បាត់ ខណៈជាងជួសជុលឡានទាំងពីរព្យាយាមដេញតាម តែមិនបានសម្រេចនោះទេ។
តែយ៉ាងណាមិញ ចំពោះហេតុការណ៍ដ៏ហួសចិត្តនេះ ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក ត្រូវបានគេនិយាយថា អ្នកបើករថយន្ត Proton Wira បានមកប្តូរសំបកកង់ថ្មី ហើយមានលុយតិចតួចមិនគ្រប់សម្រាប់តម្លៃសំបកថ្មីនោះទេ។
ដោយសារមានលុយមិនគ្រប់គ្រាន់ ហើយថៅកែការ៉ាស់ឡានក៏បាននិយាយថា ពួកគេនឹងដោះសំបកកង់ចេញវិញ ស្រាប់តែម្ចាស់រថយន្ត Wira ពណ៌ខ្មៅ នៅពេលឮបែបនេះ ក៏បានផ្ទុះកំហឹង ហើយស្រែកជេរពួកគេ មុននឹងស្ទុះចូលទៅក្នុងរថយន្ត រួចបើកចាកចេញទៅទាំងស្ថានភាពបែបនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
source: facebook