ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសថៃ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្រ្តីវ័យក្មេងម្នាក់ បានប្រកាសឈប់លេងឆ្នោតពេញមួយជីវិត ព្រោះលើកនេះ សុបិនក្លាយជាការពិត ដែលនាងបានឈ្នះរង្វាន់លេខ១ ចំនួន ១២ លានបាត ឬស្មើជាង ៣៣ ម៉ឺនដុល្លារអាមេរិក។
អ្នកស្រី ឆារ៉ាន់យ៉ា នឿងប៊ុនម៉ា អាយុ ៣៧ ឆ្នាំ បានបង្ហើបប្រាប់អ្នកសារព័ត៌មានដោយទឹកមុខញញឹម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា នាងជាមនុស្សចូលចិត្តទិញឆ្នោតរដ្ឋាភិបាល និងទិញនៅក្នុងកម្មវិធីកាបូប (wallet) ដែលត្រូវបានលក់ជាប្រចាំក្នុងតម្លៃ ៨០ បាត ជាមួយនឹងលេខ 2 និង 3 ខ្ទង់ចុងក្រោយ ហើយឈ្នះជាញឹកញាប់ រហូតទិញម៉ូតូថ្មីមួយគ្រឿង។ អ្នកស្រី ឆារ៉ាន់យ៉ា បន្តថា បន្ទាប់ទិញបានម៉ូតូ១គ្រឿង អ្នកស្រីចង់បានស្លាកលេខ ០៥៩៧៩ ហើយអ្នកស្រីទិញលេខនេះយកមកផ្សងសំណាងក្នុងឆ្នោតរដ្ឋាភិបាល លេខ ០៥៩៧៩ ជាច្រើនលើកជាប់ៗគ្នា។
រហូតមកដល់ពេលថ្មីៗនេះ អ្នកស្រី ឆារ៉ាន់យ៉ា បានទិញឆ្នោតក្នុងកម្មវិធី Pao Tang លេខ 05979 ដោយបន្ថែមលេខ 1 នៅខាងមុខ (ទិញ 2 សន្លឹក) និងទិញលេខផ្សេងទៀត បចំនួន 17 សន្លឹក។ សម្រាប់លើកនេះ អ្នកស្រីបានបើកទូរទស្សន៍នៅពេលល្ងាច ហើយមើលការចាប់ឆ្នោតរដ្ឋាភិបាល ជាមួយនឹងលេខរង្វាន់ទី១។ ពេលនោះ អ្នកស្រីឃើញថាមានលេខ 79 ក៏បានគិតថាប្រហែលជាត្រូវឆ្នោតលេខ២ ប៉ុន្តែពេលគាត់បើកមើលក្នុង App នោះ អ្នកស្រី ឆារ៉ាន់យ៉ា ពិតជាស្លុតចិត្តឡើងសន្លប់ ពេលដឹងថា បានឈ្នះឆ្នោតរង្វាន់ទី១ ២សន្លឹក ហើយនាំគ្នាស្រែកពេញមុខហាង ខណៈឪពុកម្តាយ និងបងប្អូន មកជួយម៉ាស្សា និងរកថ្នាំពេទ្យឱ្យហូប ផ្អើលដល់អ្នកភូមិមកចូលរួមអបអរសាទរព្រោងព្រាត។
អ្នកស្រី ឆារ៉ាន់យ៉ា បានបន្តថា នៅពេលដែលដឹងខ្លួនឡើង ខ្ញុំសប្បាយចិត្ត ហើយនឹកស្មានមិនដល់ថា ខ្ញុំនឹងឈ្នះឆ្នោតរង្វាន់ទី១ ដែលមានទឹកប្រាក់សរុបចំនួន ១២ លានបាត បែបនេះនោះទេ។ ហើយជាមួយប្រាក់ដ៏ច្រើនច្រើននេះ អ្នកស្រីនឹងយកប្រើប្រាស់សម្រាប់មើលថែគ្រួសារ និងសន្សំទុកជាទុនសម្រាប់កូនៗរៀនសូត្រ ហើយបានសន្យាខ្លួនឯងថា «បើខ្ញុំឈ្នះរង្វាន់ទី១ ខ្ញុំនឹងឈប់ទិញឆ្នោតរដ្ឋាភិបាល ហើយឈប់លេងឆ្នោតអស់មួយជីវិត ព្រោះខ្លាចថាលុយដែលគេទទួលនឹងបាត់រលាយអស់ទៅវិញ»។
ចំណែកអ្នកស្រី ហ្វាទីម៉ា នឿងប៊ុនម៉ា អាយុ៥៣ឆ្នាំ ត្រូវជាម្តាយបាននិយាយថា «កូនស្រីខ្ញុំជាមនុស្សល្អដែលតែងជួយគ្រួសារ បើកហាងលក់ដូរ។ ហើយកូនស្រីរបស់ខ្ញុំចូលចិត្តលេងល្បែង ហើយតែងតែទិញឆ្នោត។ ពេលកូនស្រីខ្ញុំដឹងថាឈ្នះរង្វាន់ទី១ ខ្ញុំអង្គុយនៅមុខហាងមើលចៅ។ ចំណែកកូនស្រីលក់ដែលកំពុងលក់របស់ក្នុងហាង បានស្រែកខ្លាំងៗហាងថាឈ្នះរង្វាន់លេខ១។ ពេលនោះ ខ្ញុំបានប្រាប់កូនស្រីឱ្យស្ងប់ស្ងាត់ ប៉ុន្តែ នាងចាប់ផ្ដើមហាក់ដូចជាហៀបនឹងសន្លប់ ឃើញដូច្នេះ ខ្ញុំក៏រត់ទៅរកថ្នាំឲ្យកូនស្រីខ្ញុំហូបទាំងអារម្មណ៍អរផង ភ័យផង ខណៈមិននឹកស្មានថាកូនស្រីឈ្នះរង្វាន់ដ៏ធំយ៉ាងនេះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង