Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជីករណ្តៅ​ជម្រៅ ៤០ ម៉ែត្រ ក្នុង​ផ្ទះបាយ បន្ទាប់ពី​សុបិន​ឃើញថា​មាន «កំណប់មាស»

បុរសវ័យចំណាស់ជនជាតិប្រេស៊ីលម្នាក់ បានបាត់បង់ជីវិតគួរឲ្យភ្ញាក់ផ្អើល ខណៈសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅបាតអណ្តូងដ៏ជ្រៅ ដែលគាត់ និងអ្នកជិតខាងរបស់គាត់ បានជីកនៅក្រោមផ្ទះបាយរបស់គាត់ ដើម្បីស្វែងរកមាសតាមក្តីសុបិន្ត។

អ្នកជិតខាងម្នាក់បាននិយាយថា លោក Joao Pimenta da Silva អាយុ ៧១ ឆ្នាំ ជាម្ចាស់ផ្ទះដែលបានស្លាប់ គឺគាត់បានឈ្លក់វង្វេងទៅនឹងជំនឿសុបិន្តរបស់គាត់ដែលថា ប្រាកដមាន «កំណប់មាស» កប់នៅក្រោមផ្ទះរបស់គាត់ នៅក្នុងតំបន់ Ipatinga ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល បន្ទាប់ពីសុបិនថាគាត់កំពុងអង្គុយលើសំណាង។

អ្នកជិតខាង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Joao បានជីករណ្តៅអស់រយៈពេលជាងមួយឆ្នាំហើយ ហើយបានជួលមនុស្សឱ្យអនុវត្តការងារជីកនេះ។ គាត់បានចាប់ផ្តើមដោយបង់ប្រាក់ 70 Reais លុយប្រេស៊ីល (ប្រហែល ១៤ ដុល្លារ) ក្នុងមួយថ្ងៃ នៅពេលដែលរណ្តៅនៅរាក់ ប៉ុន្តែកាន់តែជ្រៅគាត់ចំណាយកាន់តែច្រើន។ ទោះជាយ៉ាងណា គាត់បានបញ្ចប់ការបង់ប្រាក់ប្រហែល 80 ផោន ដល់អ្នកដែលបានចូលទៅក្នុងរណ្តៅ និងជួយយកអាចម៌ដីចេញ បន្ទាប់ពី​បានជីក​បុក​ថ្ម​ធំ​មួយ​ដែល​ពិបាក​នឹង​ដក​ចេញ ហើយ​គិតថាវាជាតំបន់មាស​​។

ទោះជាយ៉ាងណា អ្នកជិតខាងដែលពុំបានចូលរួមជីក បាននិយាយថា គាត់បានព្យាយាមប្រាប់លោក Joao អំពីគ្រោះថ្នាក់នៃបេសកកម្មរបស់គាត់ ដែលត្រូវបានប្រាប់ដោយ “វិញ្ញាណ” នៅក្នុងសុបិនថា មានមាសនៅក្រោមថ្មនៅក្រោមផ្ទះបាយរបស់គាត់ ប៉ុន្តែមិនត្រូវបានគេអើពើនោះ។

ជាលទ្ធផល សោកនាដកម្មដែលឈានទៅដល់ការស្លាប់របស់បុរសនេះបានកើតឡើងនៅថ្ងៃទី៥ ខែមករា។ អ្នកពន្លត់អគ្គីភ័យបានបញ្ជាក់ថា ពួកគេបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១ និង ៣០ នាទីរសៀលថ្ងៃនោះ ឲ្យទៅកាន់ផ្ទះមួយនៅក្នុងសង្កាត់មួយដែលមានឈ្មោះថា Betania បន្ទាប់ពីម្ចាស់ផ្ទះបានធ្លាក់ចុះក្នុងរណ្តៅប្រហែល ៤០ ម៉ែត្រ ប៉ុន្តែមិនអាចធ្វើអ្វីបានដើម្បីជួយសង្រ្គោះជីវិតទេ។

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​រអិល​ជើង​ធ្លាក់​ពីលើ​ផ្ទះ​ឈើ​ក្បែរ​រណ្តៅ ខណៈ​គាត់​ព្យាយាម​ចុះ​ទៅធ្វើការ​ដើម្បី​យក​ទឹក និង​ភក់។ ប៉ុន្តែ អ្នកជីក​ម្នាក់​ដែល​​កំពុង​ធ្វើ​ការ​ជាមួយ​មិន​អាច​ជួយ​គាត់​បាន។ សាកសពរបស់គាត់ត្រូវបានយកចេញដោយសេវាសង្គ្រោះបន្ទាន់ និងត្រូវបានគេរកឃើញថា បានរងរបួសក្បាល និងបាក់ជើង ក៏ដូចជាការបាក់ឆ្អឹងផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×