អ្នកខ្លះប្រហែលធ្លាប់ឮចាស់ៗ តំណាលប្រាប់ពីប្រសិទ្ធិភាពព្យាបាលដង្កូវស៊ីធ្មេញយ៉ាងសក្តិសិទ្ធរបស់ត្របែក ។ ទាំងដើម ទាំងស្លឹក សុទ្ធតែជាឱសថ ជួយព្យាបាលបញ្ហាធ្មេញ ព្រោះតែវាសម្បូរទៅដោយសារធាតុប្រឆាំងការរលាក ប្រឆាំងមេរោគ ហើយហេតុនេះវាជួយព្យាបាលជំងឺដង្កូវស៊ីធ្មេញ ។
តាមការស្រាវជ្រាវ ក្នុងស្លឹកត្របែក មានផ្ទុកសារធាតុ Astringent ផ្ទុយធ្វើឲ្យអញ្ចាញរឹបធ្មេញបានតឹងណែន និងបន្ថយការឈឺចុកចាប់បានយ៉ាងល្អផងដែរ ។
ខាងក្រោមជាវិធី៣ យ៉ាង ដើម្បីជួយព្យាបាលការឈឺចុកចាប់នៃជំងឺ “ដង្កូវស៊ីធ្មេញ” ។
វិធីទី១ ៖
-សំបក ឬឫសត្របែក ១បន្ទះ ឬ១កង់
-ទឹកខ្មេះ ១ស្លាបព្រា
របៀបធ្វើ ៖ កិនសំបក ឬ ឫសឲ្យម៉ត់ រួចលាយជាមួយទឹកខ្មេះ ១ស្លាបព្រាបាយ រួចដាំ១ពុះ ទុកវាឲ្យត្រជាក់ ។
យកទឹកនេះមកបៀម វាជួយបន្ថយការចុកចាប់បានភ្លាមៗ ។
វិធីទី ២
លាងសម្អាតស្លឹកត្របែកប្រមាណ ៥-៧ សន្លឹកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់រួចបន្ថែមអំបិល១ស្លាបព្រា និងទឹកក្តៅឧណ្ឌៗ ។ លាយឲ្យនៅជាល្បាយស្មើសាច់ ។
ពេលឈឺធ្មេញយកសំឡីមកជ្រលក់ ល្បាយទឹកនេះ លាបពីលើគល់អញ្ចាញធ្មេញ ដែលឈឺពើត ទុកវា 4-5 នាទី ខ្ពុរមាត់ សម្អាតនឹងទឹកស្អាត ។ វាពុំចាំបាច់ប្រើថ្នាំ បន្ថយការឈឺចាប់ទេ ។
ម្យ៉ាងទៀតអ្នកអាចដាំស្លឹកត្របែកលាយជាមួយអំបិល ច្រកដបទុកឲ្យស្រួលសម្រាប់ខ្ពុរមាត់ជាប្រចាំរៀងរាល់ធ្មេញមានបញ្ហា។
វិធីទី ៣
នេះជាវិធីងាយស្រួលពុំចាំបាច់ “រង់ចាំ” ។ យកត្រួយត្របែក 3-4 ត្រួយមកទំពារ រហូតដល់ពេលធ្មេញ លែងចុកពើតចាំឈប់ ។ សារធាតុមានក្នុងស្លឹកត្របែកវានឹងជ្រាបចូលក្នុងជើងធ្មេញ អញ្ចាញធ្មេញ ធ្វើឲ្យការចុកចាប់រលាយបាត់ ៕ លីសា