ភ្នំពេញ៖ ស្ថិតិរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ឆ្នាំ២០២៣កន្លទៅថ្មីៗនេះ កម្ពុជា ទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ប្រមាណ ៥,៤លាននាក់ និងទេសចរផ្ទៃក្នុងសរុបជាង ២១លាននាក់។
ស្ថិតិ បានឲ្យដឹងថា ប្រទេសកម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៥,៤៥លាននាក់ នៅឆ្នាំ២០២៣ ដោយមានកំណើនដល់ទៅ ១៣៩,៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ តួលេខនេះ កំពុងរំកិលទៅរកកម្រិតមុនវិបត្តិកូវីដ១៩ ក្នុងឆ្នាំ ២០១៩ ដែលកាលនោះកម្ពុជា ទាក់ទាញទេសចរអន្តរជាតិ បានប្រមាណ ៦,៦១លាននាក់។
ស្ថិតិរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា ចំនួនទេសចរបរទេសចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស គឺតាមរយៈអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ, ព្រះសីហនុ និងសៀមរាប មានប្រមាណ ១,៨៦លាននាក់ កើនឡើង ១៣៥,៨ភាគរយ, ផ្លូវគោក ប្រមាណ ៣,៥២លាននាក់ កើនឡើង ១៤០ភាគរយ និងផ្លូវទឹក ប្រមាណជាង ៦ម៉ឺននាក់ កើនឡើង ២៧០,៩ភាគរយ។
ស្ថិតិដដែលនេះ បានបញ្ជាក់ថា ប្រភពភ្ញៀវទេសចរអន្តរជាតិ សំខាន់ៗ ដែលចូលមកទស្សនាប្រទេសកម្ពុជា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវទេសចរថៃ ឈរនៅចំណាត់ថ្នាក់លេខ ១ មានប្រមាណ ១,៨២លាននាក់ កើនឡើង ១១៣,៣ភាគរយ តាមពីក្រោយដោយទេសចរវៀតណាម ប្រមាណ ១,០១លាននាក់ កើនឡើង ១១៩,៨ភាគរយ ខណៈទេសចរចិន ឈរនៅចំណាត់ថ្នាក់ទី ៣ ដែលមានប្រមាណជាង ៥៤ម៉ឺននាក់ កើនឡើង ៤១២,៦ភាគរយ រីឯ ទេសចរឡាវ ស្ថិតនៅលេខរៀងទី ៤ មានជាង ៣៧ម៉ឺននាក់ កើនឡើង ៣០២ភាគរយ និងចំណាត់ថ្នាក់ទី ៥ គឺទេសចរសហរដ្ឋអាម៉េរិក មានជាង ១៨ម៉ឺននាក់ កើនឡើង ៩៨ភាគរយ។
ប្រភពដដែល បានឲ្យដឹងទៀតថា រយៈពេលពេញមួយឆ្នាំ២០២៣ ភ្ញៀវទេសចរផ្ទៃក្នុងរបស់កម្ពុជា ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានដើរកម្សាន្តទៅតាមគោលដៅទេសចរណ៍ផ្សេងៗ នៅទូទាំងប្រទេស សរុបជាង ២១លាននាក់ ក្នុងនោះទេសចរជាតិ មានប្រមាណ ១៨,៧៤លាននាក់ និងទេសចរអន្តរជាតិ ២,៥៨លាននាក់ កើនឡើង ៣៤,៥ភាគរយ និង ៣៧,៧ភាគរយ រៀងគ្នា បើធៀបនិងឆ្នាំ២០២២។
គួរជម្រាបថា កាលពីមុនអំឡុងវិបត្តិជំងឺកូវីដ១៩ ក្រសួងទេសចរណ៍បានព្យាករថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជានឹងកើនដល់ចំនួន ១៥លាននាក់ នៅឆ្នាំ ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១០ពាន់លានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់។ ប៉ុន្តែវិស័យទេសចរណ៍ ស្ថិតក្នុងវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅទូទាំងពិភពលោក បានរំខានការរំពឹងទុកនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ នៅឆ្នាំ ២០៣០ របស់កម្ពុជា អាចត្រូវបន្លាយពេលបន្ថែមទៀត៕