ក្រចេះស្ទឹងត្រែង ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម៉ែត្រ) ។
សូមជម្រាបផងដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម៉ែត្រ រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម៉ែត្រ នៅវេលាល្ងាចថ្ងៃដដែល ។
ក្រសួងដដែល បានបញ្ជាក់ថា គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ ម៉ែត្រ គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។ សូមបញ្ជាក់ជូនថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧០ ម៉ែត្រ ។
ជាមួយគ្នានេះដែរ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ២ គ្រឿង និងម៉ូទ័របូមទឹក ចំនួន ២ គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរខេត្ត ដាក់ឲ្យដំណើរការបូមទឹកជាប្រចាំ នៅចំណុចស្ពានគីហ្សូណា ដើម្បីបញ្ជៀសការលិចលង់ក្រុងកំពង់ចាម ។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ១៥,១២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) បើប្រៀបធៀបនឹងកម្ពស់ទឹកនៅម៉ោង ៧ ព្រឹកមិញ គឺទឹកនៅនឹង ពុំមានការកើនឡើងបន្ថែមទេ ។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ និងកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់ តាមបណ្តារាជធានី-ខេត្តនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៨៖
ដោយ៖កូឡាប