ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាកឡង់គ្រីស័រ ឡើងស្ពានជ្រោយចង្វារយ៉ាងលឿនទៅបុកកង់បីពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរសជាម្ចាស់កង់បី រងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ សៀមរាប 1AD-3513 បើកបរចេញពីចំណុចរង្វង់គួចកាណុងឡើងស្ពានជ្រោយចង្វារ សំដៅមកផ្លូវជាតិលេខ៦វិញ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈពេលបើកឡើងមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-9519 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសគ្នាឡើងលើស្ពានជ្រោយចង្វារ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុពីក្រោយកង់បីយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯបុរសជាម្ចាស់កង់បីបានរងរបួសបែកក្បាល ត្រូវបានសាច់ញាតិដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្កវិញ មិនព្រមនៅឈប់ដោះស្រាយព្យាយាមបើករត់តាមបណ្តោយផ្លូវអូស៊ីអាយស៊ី ត្រូវសមត្ថកិច្ចឃើញជិះប្រដេញពីក្រោយតហូតដល់ចំណុងហាងមួយកន្លែង ទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ និងរថយន្តនាំយកទៅប៉ុស្តិ៍នគរបាលសង្កត់ជ្រោយចង្វារសួរនាំបន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចុះមកដល់វាស់វែង យករថយន្តបង្កនិងម៉ូតូកង់បីទៅរក្សា ទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត