Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងអង្គការ LABS ជំរុញការលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា

ភ្នំពេញ៖ អង្គការ The Life And Building Safety (LABS) ជាអង្គការជំនាញលើផ្នែកសុវត្ថិភាព សម្រាប់កម្មករនិយោជិតនៅក្នុងរោងចក្រសហគ្រាស។ អង្គការនេះ មានទស្សនវិស័យរបស់ខ្លួន ក្នុងការជំរុញឱ្យកាន់តែប្រសើរ និងស្តង់ដារនូវប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យ ជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM នាយកប្រចាំប្រទេសនៃអង្គការThe Life And Building Safety(LABS) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក Emerald AM ​នាយកប្រចាំប្រទេសកម្ពុជានៃអង្គការLABS បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណង និងទស្សនវិស័យនៃអង្គការរបស់ខ្លួន ដែលជំរុញឱ្យកាន់តែប្រសើរ និងស្តង់ដារនូវប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។​

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួងក្នុងអាណត្តិទី៧ ដែលបានផ្តល់សារសំខាន់ និងយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធានាពីសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបអង្គការLABSអំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នានៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីសុវត្ថិភាពអគ្គិភ័យក្នុងរោងចក្រសហគ្រាសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការLABS អាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាពនៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់និយោជិតក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរសម្រាប់ឧត្តមប្រយោជន៍ទៅដល់កម្មករនិយោជិតគ្រប់ៗរូប៕

×