ភ្នំពេញ ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសឈរឈ្មោះជាបេក្ខភាព ប្រធានសមាគមសិល្បករខ្មែរភ្លាមៗ បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ារូបនេះបានដកឃ្លាចេញពីពិភពសិល្បៈអស់រយៈកាលច្រើនឆ្នាំមកហើយ, ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ។
បើតាមបណ្តាញសង្គម Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា ខ្ញុំសូមសម្ដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បករខ្មែរ, ប្រសិនបើលោកជំទាវទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតនោះ សមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ។
សូមជំរាបថា ការប្រកាសរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះ គឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ាតែម្តង ខួបកំណើត ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមរំលឹកបន្តិចថា ប៉ុន្មានថ្ងៃមុននេះ មានផ្ទុះការរិះគន់ទៅលើសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន ថា សមាគមនេះស្ពឹកស្រពន់មិនសូវមានសកម្មភាពធ្វើការដើម្បីសិល្បករ-សិល្បការិនី និងវប្បធម៌ជាតិនោះទេ, ហើយពេលនេះ អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវអារម្មណ៍ខឹងសប្បាយ៉ាងខ្លាំងទៅលើបុគ្គលម្នាក់ ដោយប្រើពាក្យសម្តីខ្លាំងៗ ខណ:មានរឿងរង្គោះរង្គើខ្លាំងនៅក្នុងវិស័យសិល្បៈ ស្របពេលដែលជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណ្តិតថ្មីទៀតផង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN