ស្ត្រីជាម្តាយជនជាតិហ្វីលីពីនរាប់រយនាក់ បានចេញមកបំបៅកូនតូចៗរបស់ពួកគេក្នុងពេលដំណាលគ្នា នៅទីសារធារណៈ កាលពីថ្ងៃអាទិត្យ (០៥ សីហា) ម្សិលមិញនេះ ។ ហើយមួយចំនួនក្នុងចំណោមពួកគេ ក៏បានបំបៅកូន២នាក់ក្នុងពេលតែ១ នៅក្នុងព្រឹត្តិការណ៍បំបៅកូនដ៏ធំគាំទ្រដោយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការស្លាប់របស់កុមារ ។
ស្ត្រីប្រហែល ១,៥០០ នាក់ ដែលក្នុងនោះពួកគេមួយចំនួនបានពាក់អាវមកុដ (សម្រាប់ពាក់នៅពីធីរៀបការជាដើម) និងអាវយឺតតម្លៃថ្លៃៗ អង្គុយនៅលើកម្រាលឥដ្ឋដ៏ធំ នៃពហុកីឡាដ្ឋានក្រុង Manila និងអនុញ្ញាតឲ្យកូនតូចៗរបស់ពួកគេបៅដោះ ទៅតាមចង្វាក់តន្ត្រី ។
ស្ត្រីម្នាក់ឈ្មោះ Abergirl Limpjap អាយុ ៣៨ ឆ្នាំ មានផ្ទៃពោះ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ ‘Super Mom’ ខណៈកំពុងបំបៅក្មេងប្រុស២នាក់របស់នាង ម្នាក់អាយុ ៥ ខែ និងម្នាក់ទៀតអាយុ ១១ ខែ បាននិយាយថា៖ «ការបំបៅកូន គឺជាសេចក្តីស្រលាញ់មួយ ។ វាជាការលំបាកក៏ពិតមែន ប៉ុន្តែ យើងត្រូវធ្វើវាព្រោះតែក្តីស្រលាញ់» ។
អ្នករៀបចំកម្មវិធី Rose Padua បានប្រាប់ AFP ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គោលបំណងដើម្បីទាក់ទាញការគាំទ្រពីសាធារណជន សម្រាប់យុទ្ធនាការរបស់រដ្ឋាភិបាល ដើម្បីឲ្យមានម្តាយកាន់តែច្រើន បន្តប្តូរទៅរកទឹកដោះម្តាយពីរូបមន្តទារក ។
អង្គការសុខភាពពិភពលោក និងអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានផ្តល់អនុសាសន៍ថា កុមារនឹងទទួលបានទឹកដោះម្តាយ ក្នុងកំឡុងពេលដំបូងនៃការសម្រាល និងត្រូវបានបំបៅដោះតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែដំបូង របស់ពួកគេ ។
ទីភ្ញាក់ងារអង្គការសហប្រជាជាតិ២រូប បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីដើមឆ្នាំនេះថា ទោះជាយ៉ាងណា នៅទូទាំងពិភពលោក ទារកចំនួន ៣ នាក់ ក្នុងចំណោម ៥ នាក់ មិនត្រូវបានបំបៅដោះពីម្តាយភ្លាមៗ និងដាក់ពួកគេចូលក្នុងហានិភ័យស្លាប់ និងជំងឺដ៏ខ្ពស់មួយ ។
កុមារ ២៧ នាក់ ក្នុងចំណោមរាប់ពាន់នាក់ បានស្លាប់មុនអាយុ ៥ ឆ្នាំ នៅក្នុងប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០១៦ ។ នេះបើយោងតាមទិន្និន័យ WHO ៕ ចន្ទី (thejakartapost)