ភ្នំពេញ៖ ការវិនិយោគពីសហភាពអឺរ៉ុប ក្នុងគម្រោងវិនិយោគចំនួន៦២ នៅកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៥៤០ លានដុល្លារ ដោយផ្តោតជាពិសេសលើការវិនិយោគបៃតង និងបច្ចេកវិទ្យានៅកម្ពុជា។
ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរាជរដ្ឋាភិបាលកម្ពុជាក៏បានវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស និងអនុវត្តគោលនយោបាយ និងកំណែទម្រង់ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ។ ទន្ទឹមនឹងនោះ កម្ពុជា និងបារាំង ក៏នឹងសហការគ្នារៀបចំកម្មវិធីទស្សនកិច្ចទាក់ទាញអ្នកវិនិយោគក្នុងបណ្តាប្រទេសអឺរ៉ុបមកកម្ពុជា។
កម្មវិធីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ក្នុងប្រទេសកម្ពុជា ដែលនឹងមានការចូលរួមពីក្រុមហ៊ុននានា នៃប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ និងពង្រឹងទំនាក់ទំនងល្អរវាងគ្នានិងគ្នាផងដែរ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងបារាំង មានទំហំពាណិជ្ជកម្មចំនួនប្រមាណ ៧៦ លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ ធ្លាក់ចុះ ៦,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំងបានកើនឡើងដល់ ៥១៥,២១ លានដុល្លារកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មរវាងបណ្តាប្រទេសអឺរ៉ុបជាមួយកម្ពុជាមានចំនួន ៤,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ។
រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានគាំទ្រគម្រោងអភិវឌ្ឍន៍ជំនាញរបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចនាពេលអនាគត។ វិនិយោគិនបារាំងនៅកម្ពុជា អាចចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនជាង៣០០លាននាក់ និងទីផ្សារអាស៊ាន ដែលមានប្រជាជនជាង៦៦០ លាននាក់ ព្រមទាំងប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រជាជនប្រហែល ២,៣ ពាន់លាននាក់៕