Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈមេធាវីកម្ពុជា បង្កើតក្រុមមេធាវីជួយពលរដ្ឋចាញ់បោកក្រុមហ៊ុន CIC ដោយឥតគិតថ្លៃ

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីជួយការពារក្តីជូនប្រជាពលរដ្ឋពាក់ព័ន្ធជាមួយក្រុមហ៊ុន CIC ឆបោកប្រាក់អស់រាប់លានដុល្លារដែលកំពុងទាមទាររកយុត្តិធម៌ ដោយឥតគិតកម្រៃ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា កន្លងមក មានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។

ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការ រៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែក ច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ។

ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងការងារ ឬទំនាក់ទំនងជាមួយ លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧- ៣៥២ ២២២ ឬ ០៨៦-៩១៩ ១៦៨ និងលោកមេធាវី យូ លីមហួត ប្រធាននាយកដ្ឋានអធិការកិច្ចទូរស័ព្ទលេខ ០១៧-៥៨៤ ៤៤៥៕

×