ភ្នំពេញ៖ ស្ថាប័នសារព័ត៌មានជាង ១០ ដែលមានថ្នាក់ដឹកនាំសំខាន់ៗ បានរួមគ្នាផ្តួចផ្តើមគំនិតបង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌។
ស្ថាបនិកសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពជា លោក យិន លាងគង់ និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគម ដែលទើបទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ បានឲ្យដឹងថា សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពជា ផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ សក្តានុពលវិនិយោគ ទេសចរណ៍ និងអចលនទ្រព្យជាដើម។ល។
ស្ថាបនិកសមាគមផ្សេងទៀត រូមមាន៖ លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មាន CEN លោក លីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asian Properties លោក សយ សុភា និពន្ឋនាយកសារព័ត៌មានដើមអំពិល លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន CCTIMES លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN ជាដើម បានយល់ស្របគ្នាថា មកដល់ឆ្នាំ២០២៤នេះ សារព័ត៌មានក្នុងស្រុកភាគច្រើនបាននិងកំពុងផ្តោត លើកត្តាសុខសន្តិភាព នយោបាយ និងសង្គម។ ប៉ុន្តែសមាគមនេះ ត្រូវបំពេញបន្ថែមនូវព័ត៌មានសេដ្ឋកិច្ច គ្រប់ទម្រង់សម្រាប់អ្នកអាន។
លោក កៃ គឹមសុង ជាស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានឌីជីថល Amazadia Education (AE) ជាអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានបន្ថែមថា នៅកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងកង្វះខាតព័ត៌មានសេដ្ឋកិច្ច សម្រាប់វិនិយោគិនបរទេស ដែលចង់ស្វែងរកការដាក់ទន់វិនិយោគ ក្នុងប្រទេសមួយ ដែលមានច្បាប់វិនិយោគល្អ និងមានការទាក់ទាញ។
ជាមួយគ្នានេះ លោកស្រី ហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល និងជាអនុប្រធានសមាគម CEMEA បានយល់ស្របថា សារព័ត៌មានធំៗនៅកម្ពុជា បានផ្តោតលើផ្សព្វផ្សាយ រឿងសេដ្ឋកិច្ចតិចតួចណាស់ ព្រោះអ្នកសារព័ត៌មានជំនាញខាងសេដ្ឋកិច្ចនេះ មានចំនួនតិចតួចបំផុត។ ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើង ដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ខាងសេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន។
គួរបញ្ជាក់ថា បើតាមលោក យិន លាងគង់ បានបន្តថា “គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយលើកកំពស់មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែងដល់សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានា ឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា៕