ខេត្តព្រះសីហនុ៖ មន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការវិនិយោគពីគ្រប់មជ្ឈដ្ឋាននៅខេត្ត ព្រះសីហនុ ជាពិសេស ទេសចរ ធុរកិច្ចជន និងវិនិយោគិនមកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសទាំងបី “កម្ពុជា-ថៃ-វៀតណាម”។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ មានក្តីសង្ឃឹមថា តាមរយៈការរៀបចំ «ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤» នៅលើទឹកដីខេត្តព្រះសីហនុ នឹងជួយជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តតំបន់កាន់តែរីកលូតលាស់ជំរុញកំណើនសេដ្ឋកិច្ចខេត្ត ក៏ដូចប្រទេសកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ដ៏មានសារៈសំខាន់នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារៈនាទិសនិរតី»។
ព្រឹត្តិការណ៍នេះ ក្នុងគោលបំណង ១.បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, ២.ជំរុញការវិនិយោគ បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ, ៣.ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ, ៤.ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគផ្នែកទេសចរណ៍ និងពាណិជ្ជកម្មខេត្តតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម ថៃ ឱ្យកាន់តែរីកចម្រើន។
អភិបាលខេត្ត បានអរគុណដលក្រសួងទេសចរណ៍សហការរៀបចំឡើងនូវព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា អមដោយការតាំងពិព័រណ៍ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈ បង្ហាញពីសកម្មភាពវប្បធម៌ផ្សេងៗ កិច្ចប្រជុំ ស្ដីពីការជំរុញការវិនិយោគ និងទេសចរណ៍តាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) រយៈពេល ០៥ថ្ងៃ គឺទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ វិស័យទេសចរណ៍ មានតួនាទីក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពល្អប្រសើរ។
ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរគត់សំគាល់។ ប៉ុន្តែជាអកុសលការរីកចម្រើន នៃវិស័យនេះត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅទូទាំងសកលលោក។ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ៕