Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តព្រះសីហនុ នៅតែមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគ ខណៈដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ

ព្រះសីហនុ៖ ព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលជាប់មាត់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ប៉ុន្តែខេត្តព្រះសីហនុ ហាក់មានការទាក់ទាញការវិនិយោគ និងមានសក្ដានុពលខ្លាំងជាងគេ ដោយខេត្តនេះ មានអគារខ្ពស់ៗជាច្រើន បានលេចជារូបរាង ខណៈមានអគារមួយចំនួនទៀត ក៏កំពុងជាប់គាំង ហើយក៏កំពុងត្រូវបាន រាជរដ្ឋាភិបាល បានរៀបចំនិតិវិធីដោះស្រាយជាបន្តបន្ទាប់។

សក្ដានុពលនៅក្នុងខេត្តព្រះសីហនុ មានអ្នកវិនិយោគជាច្រើន បានចាប់អារម្មណ៍មកបណ្ដាក់ទុន ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិន ដោយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ខេត្តព្រះសីហនុ នៅតែមានកំណើនសេដ្ឋកិច្ចល្អ ស្របជាមួយនឹងការអភិវឌ្ឍ ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់អនុវត្តចំពោះ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ក្នុងឆ្នាំ២០២៤ ដែលមានទីតាំងនៅខេត្តព្រះសីហនុ និងផ្តោតលើគម្រោង៣ប្រភេទ គឺ​ ១- គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរ ការអនុវត្តនៅក្នុងឆ្នាំ២០២៤។ ២- គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤។ និង ៣- ការពង្រីកតម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមាន ស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

គម្រោងទាំងនេះ អាចទទួលបានការលើកទឹកចិត្តមួយចំនួនដូចជា ការលើកលែងពន្ធ និងថ្លៃសេវាសាធារណៈមួយចំនួន ព្រម ទាំងការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតមួយចំនួនជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានបំណង អភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនៅក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការមេ ដើម្បីអនុវត្តកិច្ចការងារនេះ។

កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា​ ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពីការវិនិយោគលើវិស័យឧស្សាហកម្មនូវបច្ចេកវិទ្យាទំនើបថ្មី ក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងបង្ហាញពីសក្តានុពលនៃវិស័យឧស្សាហកម្មរបស់កម្ពុជា ពិសេសកត្តាអំណោយផល និងកាលានុវត្តភាពនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ហើយក៏ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលពីខែមករាថ្មីៗនេះ។​

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសក្តានុពលខ្ពស់ជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ដោយខេត្តនេះស្ថិតនៅទីតាំងអំណោយផល, មានឆ្នេរសមុទ្រ ឆ្នេរខ្សាច់ និងកោះដ៏ស្រស់ស្អាត សម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍, មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាអាទិ៍ កំពង់ផែសមុទ្រទឹកជ្រៅ, អាកាសយាន- ដ្ឋានអន្តរជាតិ និងផ្លូវល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញនាំចេញនាំចូល និងតភ្ជាប់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសធំៗ មានលក្ខណៈសមស្របសម្រាប់វិនិយោគិនក្នុងការមកបណ្តាក់ទុន លើវិស័យដែលកំពុងមានសក្តានុពល និងតម្រូវការទីផ្សារខ្ពស់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ ថា ទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលបានចាប់ផ្តើមជាផ្លូវការនៅឆ្នាំ១៩៥៨ គិតមក ទល់ពេលនេះមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ចំណងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ បាន ប្រតិស្ឋានតាំងពីបុរាណឆ្លងកាត់សម័យកាលជាច្រើន និងចាក់ឫសគល់យ៉ាងរឹងមាំស្ទើរលើគ្រប់វិស័យ ព្រមទាំង បានបន្តវិវឌ្ឍរហូតឈានដល់កម្រិតកំពូលមួយពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រតី កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរបានសម្រេចបង្កើតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ផ្លែផ្កា នៃទំនាក់ទំនងដ៏ល្អប្រសើរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់កើតចេញពីកិច្ច- សហប្រតិបត្តិការទ្វេភាគី ដែលគ្របដណ្តប់វិស័យជាច្រើន រាប់ចាប់តាំងពីវិស័យទេសចរណ៍ វប្បធម៌ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ជាដើម និងជាពិសេសនោះគឺការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែល រដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រកន្លងមកក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”៕

×