Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងប្រែក្លាយខេត្តជាប់តំបន់ឆ្នេរ​ចំនួន​ ៣ទៀត ទៅជាតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនដាក់បញ្ចូលខេត្តជាប់តំបន់ឆ្នេរចំនួន ៣បន្ថែមទៀត គឺខេត្តកែប កំពត និងកោះកុង ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បន្ទាប់ពីខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ដល់ការធ្វើធុរកិច្ច វិនិយោគ និងការធ្វើពាណិជ្ជកម្ម។

ការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងបែបនេះ ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជា ស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម ២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក និងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ។

នៅក្នុងផែនការមេ សម្រាប់ចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំ និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ត្រូវបានរៀបចំឡើងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន៕

×