ភ្នំពេញ ៖ ក្រសួងព័ត៌មាន ណែនាំម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជំរុញការផ្សព្វផ្សាយសារប្រឆាំងការប្រើប្រាស់ ជួញដូរគ្រឿងញៀន សារគ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
បើយោងតាម លិខិតលេខ ១០៦ល.ស អ.ជ.ប.គ.ញ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះ ការចូលមកដល់នៃឆ្នាំថ្មី និងបានធ្វើដំណើរទៅតាមបណ្តារាជធានី ខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត បងប្អូន និង ទៅកាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើ ដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងស្នើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយជំរុញឱ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និង ផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងសារអប់រំអំពីគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ និងការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ ក្នុងការធានានូវសុវត្ថិភាព និងចៀសផុតពីការប្រើប្រាស់ គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខាតបង់ពេលវេលា និងខូចខាត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី