ភ្នំពេញ៖ ផ្អែកតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មនាំចេញ-នាំចូល ក្នុងទឹកប្រាក់ប្រមាណ ១២,៤៩ពាន់លានដុល្លារអាម៉េរិក នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ ដោយបានកើនឡើង ១១,៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំមុន។
ទិន្នន័យនេះ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញមុខទំនិញនានាទៅទីផ្សារក្នុងតំបន់ និងពិភពលោក មានទំហំទឹកប្រាក់ ៦.២៦១លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ពីចំនួនទឹកប្រាក់ ៥.៣០៧លានដុល្លារអាម៉េរិក ដែលបាននាំចេញក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកការនាំចូលមុខទំនិញរបស់កម្ពុជាវិញ ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២៤នេះ មានតម្លៃទឹកប្រាក់ ៦.២៣៤លានដុល្លារអាម៉េរិក។ តួលេខនេះកើនឡើង ៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានកាលនោះមានទឹកប្រាក់ ៥.៨៦០លានដុល្លារអាម៉េរិក។ ការកើនឡើងនេះ ដោយសារកំណើននាំចេញទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា សហរដ្ឋអាម៉េរិក, វៀតណាម, ចិន, ជប៉ុន, កាណាដា, ចក្រភពអង់គ្លេស, អេស្បាញ, ហូល្លង់, ម៉ាឡេស៊ី និងហុងកុង ជាដើម។
មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ក្នុងនោះរួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ, គ្រឿងបង្គុំ, បរិក្ខាអគ្គិសនី, ម៉ាស៊ីន, គ្រឿងបន្លាស់អេឡិចត្រូនិក, ផលិតផលកសិកម្ម, គ្រឿងសង្ហារឹម, កង់, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។
ចំណែកមុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា៖ វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញ ក្នុងអត្រាកំណើនរង្វង់ ៦,៦%។ វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប៕