ភ្នំពេញ៖ រថយន្តក្រុងសាធារណៈ ៤៥៥គ្រឿង នឹងប្រើប្រាស់ ដើម្បីដឹកជញ្ចូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងរយពេល៦ថ្ងៃ ដោយឥតគិតថ្លៃជូន។
លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានឱ្យដឹងថា ទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ បានត្រៀមរួចរាល់សម្រាប់ទទួលដឹកជញ្ចូនប្រជាពលរដ្ឋកម្ពុជាយើង ដោយឥតគិតថ្លៃនៅថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុងនោះ រថយន្តក្រុង បានចូលដល់តាមចំណតចំនួន ៦ទីតាំង រួចរាល់ហើយ។
លោក បានបន្តថា ប្រជាពលរដ្ឋ អាចមកទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគឺ គ្រាន់តែចូលទៅតាមរោង ដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្ត ដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារ នឹងសម្រួលការធ្វើដំណើរជូនបានដោយងាយស្រួល។
សូមបញ្ជាក់ថា រថយន្តក្រុងសាធារណៈទាំង ៤៥៥គ្រឿងនេះ មាន ៦០គ្រឿង សម្រាប់ប្រើប្រាស់ដឹកជញ្ចូនប្រជាពលរដ្ឋនៅ ភ្នំពេញ និង៣៩៥គ្រឿងទៀត សម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្តដែលចង់ទៅ។ ការដឹកជញ្ចូននេះ ធ្វើឡើងរយពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤៕